ការធ្លាក់ចុះទម្រង់លេងដ៏គួរឲ្យបារម្ភរបស់ក្រុម Tottenham រំខានដល់ការចាប់អារម្មណ៍ផ្សេងៗទៅលើការបើកកីឡដ្ឋានថ្មីរបស់ពួកគេ ខណៈដែលពួកគេកំពុងតែស្ថិតក្នុងរដូវកាលមួយ ដែលមិនទាន់ឈានដល់ក្របខ័ណ្ឌ Champions League។

ក្រុមរបស់លោក Mauricio Pochettino បានដេញតាមពីក្រោយក្រុម Liverpool និង Manchester City យ៉ាងប្រកៀកក្នុងដំណាក់កាលភាគច្រើននៃរដូវកាលនេះ ដោយពីថ្ងៃទី២ ខែកុម្ភៈ Spurs បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងក្របខ័ណ្ឌ Premier League។

ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងតែដេញតាមពីក្រោយក្រុម Man City ដល់ទៅ១៦ពិន្ទុ និងក្រុម Liverpool ដល់ទៅ១៨ពិន្ទុ ហើយក្រុមមាន់ខ្នាយមាសមួយនេះកំពុងតែប្រទាញប្រទង់ត្រឹមតែ១ពិន្ទុគត់រវាងក្រុម Manchester United, Arsenal និង Chelsea ក្នុងការប្រជែងយកកៅអី២ចុងក្រោយសម្រាប់ការឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League។

ក្រោយពីក្រុម Tottenham បានរងបរាជ័យនៅលើទឹកដីក្រុម Liverpool ដោយសារតែការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Toby Alderweireld កាលពីថ្ងៃអាទិត្យ លោក Pochettino បានឲ្យដឹងថា៖ «វាពិតជារឿងគួរឲ្យខ្មាស់អៀនបន្តិចដែលយើងមិនស្ថិតក្នុងការប្រជែងនៅទីនោះ»។

លោកបានបន្ថែមទៀតថា៖ «យើងបានធ្លាក់ចុះទម្រង់លេងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយយើងបានចាប់ផ្តើមស្វែងរកភាពពិតប្រាកដ និងល្បឿនរបស់យើង»។ បើទោះបីជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ Spurs ក្រោមការដឹកនាំរបស់លោក Pochettino បានឈានដល់កម្រិតកំពូលរបស់ខ្លួន បើទោះបីមិនបានទិញចូលកីឡាករថ្មីសូម្បីតែ១ម្នាក់ក្នុងរយៈពេល១៥ខែចុងក្រោយក៏ដោយ៕

ប្រភពព័ត៌មាន៖ Channel News Asia