បន្ទាប់​ពី​រក​គ្រាប់​បាល់​ពេល​ប៉ះ​នឹង​ក្លឹប​ Huesca​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid បង្កើត​បាន​កំណត់ត្រា​ថ្មី​មួយ​ ដោយ​ស៊ុត​ចូល​គ្រប់​ក្រុម​ទាំង​អស់​ដែល​គេ​បាន​លេង​ប៉ះ​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ។

Benzema បាន​លេង​ទល់​នឹង​ក្លឹប​ចំនួន ៣៤ តាំង​ពី​ផ្ទេរ​មក​ទឹកដី​អេស្ប៉ាញ​កាល​ពី​ជាង ១០​ឆ្នាំ​មុន ហើយ​បាន​ស៊ុត​ចូល​គ្រប់​ក្រុម​ទាំង​អស់​ ហើយ​ក្លឹប​ចុង​ក្រោយ​ដែល​គេ​រក​គ្រាប់​បាល់​បាន​គឺ ក្លឹប​ Huesca នេះ​ឯង​។

កំណត់ត្រា​មួយ​នេះ កីឡាករ​កំពូល​ៗ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi និង​អតីត​មិត្ត​រួម​ក្រុម​របស់​ Benzema កីឡាករ​ Cristiano Ronaldo មិន​ទាន់​សម្រេច​បាន​ឡើយ​ក្នុង​អាជីព​របស់​ពួក​គេ។

Messi លេង​ប៉ះ​នឹង​ក្លឹប​ចំនួន ៤០ ក្នុង​ La Ligaតាំង​ពី​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ Barcelona ហើយ​ស៊ុត​ចូល​ក្លឹប​ចំនួន ៣៧ ដោយ​ ៣​ក្លឹប​ដែល​រូប​គេ​មិន​ទាន់​ស៊ុត​ចូល​គឺ ក្លឹប​ Cadiz, Murcia និង​ក្លឹប​ Huesca។