Ole Gunnar Solskjaer អ្នកចាត់ការក្រុមបិសាចក្រហម Manchester United ដែលដឹកនាំក្រុម ២០ប្រកួត ឈ្នះ ១៥ដង គឺជាអ្នកគាំទ្រ (Fan) ដ៏ងប់ងុលម្នាក់របស់ក្រុម Liverpool កាលនៅក្មេង ពេលរស់នៅទីក្រុង Kristiansund ប្រទេសន័រវេស។ នេះបើតាមមិត្តភ័ក្តរបស់លោក បានទម្លាយអាថ៌កំបាំងឲ្យដឹង។

សម្រាប់ Solskjaer មិនដែលបញ្ជាក់ប្រាប់ថា ខ្លួនជាអ្នកគាំទ្រក្រុម Liverpool ដែលជាគូប្រជែងស្លាប់រស់របស់ Man Utd នោះទេ។ លោក Stig Flemmen ដែលជាអ្នកគាំទ្រ Man Utd និងបានធំធាត់ឡើងជាមួយគ្នានឹង Solskjaer បានប្រាប់ដល់ The Sun ថា៖ “ខ្ញុំបានរស់នៅជាមួយគាត់ ក្នុងតំបន់ជាមួយគ្នា ហើយពេលនោះយើងតែងតែជជែកខ្វែងគំនិតគ្នារឿងគាំទ្រក្រុមបាល់ទាត់។

យើងធំឡើង ដោយគាំទ្របាល់ទាត់អង់គ្លេស។ ប្រហែលជា Solskjaer ធ្លាប់មាន Poster របស់ក្រុម Liverpool នៅលើគ្រែគេងរបស់គាត់ នៅពេលគាត់អាយុ ១០ឆ្នាំ”។

Kristiansund មានប្រជាជនរស់នៅប្រមាណត្រឹមតែ ២៥,០០០នាក់ប៉ុណ្ណោះ។ សម្រាប់ Solskjaer ត្រូវបានក្លឹប Man Utd តែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ន កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ លោកបានចុះកុងត្រា ៣ឆ្នាំ ក្លាយជាអ្នកចាត់ការពេញសិទ្ធិរបស់ក្រុម Man Utd៕