លោក Ole Gunnar Solskjaer បានទទួលស្គាល់ថា ក្រុម Manchester United មិនត្រូវធ្វើឲ្យមានកំហុសទៀតឡើយក្នុងការប្រជែងរបស់ពួកគេ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ក្រោយពីបានរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល ២-១ នៅពេលប្រកួតជាមួយនឹងក្រុម Wolves កាលពីថ្ងៃអង្គារ។

ការរងពិន័យកាតក្រហមរបស់ខ្សែបម្រើ Ashley Young និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Chris Smalling បានបំពេញរាត្រីដ៏ខកចិត្តមួយសម្រាប់ក្រុមរបស់លោក Solskjaer នាកីឡដ្ឋាន Molineux។ Man United ត្រូវបានកំណត់គោលដៅឲ្យរកបាន១៥ពិន្ទុពីការប្រកួតដែល់នៅសល់ចំនួន៧លើកទៀត ដោយអ្នកចាត់ការទូទៅរបស់ពួកគេ នៅមុនពេលពួកគេធ្វើដំណើរទៅកាន់ទឹកដី Molineux។

បច្ចុប្បន្ន ពួកគេនៅតែមានគោលដៅក្នុងការរកឲ្យបាន១៥ពិន្ទុ ពីការប្រកួត៦លើក ដោយពួកគេក៏ត្រូវប៉ះជាមួយនឹងក្រុម Manchester City និង Chelsea នាកីឡដ្ឋាន Old Trafford ខណៈដែលលោក Solskjaer ទទួលស្គាល់ថា Man United មិនត្រូវធ្វើឲ្យមានកំហុសទៀតឡើយ។

ក្រោយពីការរងបរាជ័យ លោក Solskjaer បាននិយាយបែបកំប្លែងថា៖ «ខ្ញុំនៅតែមានការជឿជាក់ ប្រសិនបើខ្ញុំមានរយៈពេល៣ម៉ោងទៀត។ ខ្ញុំបាននិយាយថា យើងត្រូវការ១៥ពិន្ទុពីការប្រកួត៧លើកចុងក្រោយរបស់យើង ហើយពេលនេះ យើងនៅតែត្រូវការ១៥ពិន្ទុពីការប្រកួត៦លើកចុងក្រោយរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «វាពិតជាលំបាកណាស់ ប៉ុន្តែ យើងគឺជាក្រុមដ៏ខ្លាំងមួយ ហើយវាលំបាកសម្រាប់គ្រប់ក្រុមទាំងអស់ដែលលេងជាមួយនឹងយើង»៕