លោក Mauricio Pochettino បានជំរុញឲ្យថ្នាក់ដឹកនាំរបស់ខ្លួនយកចិត្តទុកដាក់ខ្លាំងទៅលើទីផ្សារដោះដូរកីឡាករ ស្របពេលដែលពួកគេត្រៀមបើកកីឡដ្ឋានមានតម្លៃដ៏ថ្លៃរបស់ពួកគេ។ ស្របពេលដែលកីឡដ្ឋានថ្មីដែលអាចផ្ទុកអ្នកទស្សនាបាន៦២ ០៦២នាក់ នឹងត្រូវបើកប្រើប្រាស់ជាផ្លូវការជាលើកទី១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palace នៅរាត្រីនេះ ក្រុម Tottenham ដាក់ចេញនូវគោលដៅជាច្រើនសម្រាប់អនាគតរបស់ក្លិបនេះ។

កីឡដ្ឋានថ្មីមួយនេះ និងទីលានហ្វឹកហាត់ដ៏ប្រណិតរបស់ពួកគេ នឹងធ្វើឲ្យ Tottenham ស្ថិតក្នុងចំណោមក្លិបមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបំផុតនៅអឺរ៉ុប។ ប៉ុន្តែការបណ្តាក់ទុនមិនមានតម្លាភាពទៅលើការបណ្តាក់ទុនរបស់ពួកគេក្នុងក្រុម Spurs ឡើយ ស្របពេលដែលពួកគេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់កៅអីចំណាត់ថ្នាក់កំពូលទាំង៤ នៅលើតារាងក្របខ័ណ្ឌ Premier League ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត៥លើកចុងក្រោយ។

បើទោះបីពួកគេបានចំណាយប្រាក់ដល់ទៅ១ពាន់លានផោន (ស្មើនឹង១,៣ពាន់លានដុល្លារអាមេរិក) សម្រាប់កីឡដ្ឋានថ្មីនេះក៏ដោយ ប៉ុន្តែ ក្រុម Tottenham មិនបានទិញចូលកីឡាករថ្មីសូម្បីតែម្នាក់ ក្នុងការពេលបើកទីផ្សារដោះដូរកីឡាករ២លើក ហើយការចំណាយរបស់ពួកគេទៅលើប្រាក់បៀវត្សរ៍កីឡាករក៏មិនអាចប្រៀបធៀបទៅ នឹងគូប្រជែងខ្លាំងៗរបស់ពួកគេផ្សេងទៀតផងដែរ។

លោក Pochettino បានទទួលស្គាល់ថា៖ «ប្រសិនបើយើងចង់ប្រជែងជាមួយនឹងក្លិបធំៗនៅអឺរ៉ុប យើងត្រូវតែមមាញឹកក្នុងទីផ្សារដោះដូរកីឡាករ ពីព្រោះនៅពេលដែលអ្នកទៅដល់កីឡដ្ឋាននេះ វាហាក់ដូចជាក្លិបដ៏ធំមួយអ៊ីចឹង»៕
ប្រភពព័ត៌មាន៖ Channel News Asia