ក្រុម Fulham ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Watford កាលពីថ្ងៃអង្គារ ខណៈដែលលទ្ធផលនេះបានធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពរហូតដល់ទៅ១៦ពិន្ទុ ស្របពេលនៅសល់ការប្រកួតត្រឹមតែ៥លើកទៀតប៉ុណ្ណោះ។

ក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងលិចមួយនេះ ដែលស្ថិតក្រោមកម្មសិទ្ធិរបស់មហាសេដ្ឋីអាមេរិកលោក Shahid Khan នឹងវិលទៅកាន់ក្របខ័ណ្ឌលំដាប់ទី២ Championship វិញ ត្រឹមតែរយៈពេល១រដូវកាល ក្រោយពីឈ្នះកៅអីទៅលេងក្របខ័ណ្ឌកំពូលតាមរយៈវគ្គ Playoff។ ពួកគេបានធ្លាក់ទៅកាន់ក្របខ័ណ្ឌលំដាប់ទី២រួមជាមួយនឹងក្រុម Huddersfield Town ដែលបានក្លាយជាក្រុមទី២កាលពីថ្ងៃសៅរ៍ ដែលត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League នៅមុនពេលចុងខែមីនា។

កៅអីទី៣សម្រាប់ក្រុមដែលត្រូវកាត់ចេញ បច្ចុប្បន្នកំពុងតែស្ថិតនៅជាមួយនឹងក្រុម Cardiff City ប៉ុន្តែ ក្រុម but Burnley, Southampton និង Brighton & Hove Albion សុទ្ធសឹងនាំមុខត្រឹមតែ៥ពិន្ទុប៉ុណ្ណោះលើក្រុមរបស់វែលស៍មួយនេះ។

ក្រុម Fulham បានឈានទៅកាន់ការប្រកួតកាលពីរាត្រីថ្ងៃអង្គារដោយដឹងថា ពួកគេត្រូវតែគេចឲ្យផុតពីការរងបរាជ័យដើម្បីបន្តការប្រជែងរបស់ពួកគេក្នុងការគេចឲ្យផុតពីការធ្លាក់ចេញ ប៉ុន្តែ កីឡាករ Abdoulaye Doucoure បានជួយឲ្យក្រុម Watford រកបានគ្រាប់បាល់នាំមុខមុននៅនាទី ទី២៣ មុននឹងក្រុមម្ចាស់ផ្ទះបន្ថែម៣គ្រាប់ទៀត ដើម្បីបញ្ចប់ការសង្ស័យផ្សេងៗតែម្តង៕

ប្រភពព័ត៌មាន៖ Channel News Asia