ក្រុម Tottenham បានអបអរការបើកកីឡដ្ឋានថ្មីដ៏ទំនើបរបស់ក្លិបនេះ តាមរយៈការបញ្ចប់ការមិនស្គាល់ឈ្នះសោះត្រឹម៥ប្រកួតនៃក្របខ័ណ្ឌ Premier League ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ២-០ លើក្រុម Crystal Palace កាលពីថ្ងៃពុធ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ពីសំណាក់ខ្សែប្រយុទ្ធ Son Heung-min និងខ្សែបម្រើ Christian Eriksen បានជួយឲ្យក្រុម Spurs ចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួតនាកីឡដ្ឋានថ្មីរបស់ពួកគេ និងបានជួយឲ្យក្រុមរបស់លោក Mauricio Pochettino វិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៣វិញ ពីលើក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ Arsenal។

ក្រុមកាំភ្លើងធំនៅសល់១ប្រកួតក្នុងដៃច្រើនជាងក្រុម Tottenham ប៉ុន្តែ ការដណ្តើមបានជ័យជម្នះនេះ ក៏បានជួយឲ្យពួកគេនាំមុខ១ពិន្ទុពីលើក្រុមឈរលេខ៥ Chelsea ផងដែរ និងនាំមុខ៣ពិន្ទុលើក្រុម Manchester United ក្នុងការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំងបួន។

លោក Pochettino បានបញ្ជាក់ប្រាប់ពីតម្រូវការសម្រាប់កីឡដ្ឋានថ្មីដ៏ល្អបំផុតក្នុងពិភពលោករបស់ក្លិបនេះ ពោលគឺការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានកោតសរសើរកីឡាកររបស់លោកថា ជាវីរបុរស សម្រាប់ការរក្សាស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៤ បើទោះបីលេងស្ទើរតែក្នុងរដូវកាលទី២ទាំងមូលរបស់ពួកគេ នៅកីឡដ្ឋានបណ្តោះអាសន្ន Wembley៕
ប្រភពព័ត៌មាន៖ Channel News Asia