លោក Pep Guardiola បានគិតពីការខាត់បង់ ក្នុងពេលក្រុមខ្លួនបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅលើក្រុម Cardiff ក្នុងលទ្ធផល ២-០ ខណៈដែលក្រុម Manchester City បានឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញ កាលពីថ្ងៃពុធ ប៉ុន្តែ លោកបានប្រឈមមុខនឹងការដឹកនាំក្រុមទៅប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយគ្មានខ្សែការពារស្លាបឆ្វេងម្នាក់។

Man City ដែលនៅតែស្ថិតក្នុងការប្រជែងដណ្តើមពាន៤នៅរដូវកាលនេះ នឹងត្រូវជួបជាមួយនឹងក្រុម Wembley នាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ខាងមុខនេះ ដោយពួកគេសម្លឹងរកការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី២នៅរដូវកាលនេះ។

ប៉ុន្តែ ពួកគេនឹងអវត្តមានខ្សែការពារស្លាបឆ្វេង Oleksandr Zinchenko ដែលបានរងរបួសក្នុងពេលប្រកួតជាមួយនឹងក្រុម Cardiff ក្រោយពីរយៈពេល១៨នាទី ដោយសារតែបញ្ហាសរសៃពួរគន្លាក់ជើង ដែលនឹងធ្វើឲ្យរូបគេអវត្តមានជាច្រើនប្រកួត។

ស្របពេលដែលខ្សែការពារអន្តរជាតិអង់គ្លេស Fabian Delph នៅតែមានរបួស ហើយខ្សែការពារអន្តរជាតិបារាំង Benjamin Mendy នៅតែមិនទាន់រឹងមាំដើម្បីចូលលេង លោក Guardiola បានទទួលស្គាល់ថា លោកមានបញ្ហា នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Wembley។

លោក Guardiola បានឲ្យដឹងថា៖ «វាមិនមែនជារឿងល្អឡើយ។ យើងនឹងដឹង បន្ទាប់ពីថ្ងៃស្អែកនេះ ប៉ុន្តែវាមិនល្អសម្រាប់ការប្រកួតបន្ទាប់ឡើយ។ Fabian Delph និង Benjamin Mendy មិនអាចចូលលេងបានដូចគ្នា ហើយយើងនឹងរង់ចាំមើលនៅថ្ងៃស្អែកនេះ។ យើងមិនមានជម្រើសច្រើនឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia