ក្រុម Real Madrid បានរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ La Liga ជាលើកទី៩របស់ពួកគេនៅរដូវកាលនេះ និងជាលើកទី១របស់ពួកគេ ក្រោមការដឹកនាំរបស់លោក Zinedine Zidane ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុម Valencia ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ។ បច្ចុប្បន្នពួកគេបានរងបរាជ័យក្នុងការប្រកួតក្នុងលីកជាច្រើន នៅរដូវកាលនេះ ពោលគឺស្មើទៅនឹងចំនួនបរាជ័យក្នុងការប្រកួត២រដូវកាល កាលពីមុនរបស់ពួកគេ។

កីឡាករ Goncalo Guedes បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុន នៅតង់ទី១ ហើយកីឡាករ Ezequiel Garay បានបន្ថែមគ្រាប់បាល់ទី២ នៅរយៈពេល៧នាទីចុងក្រោយ ដើម្បីបំពេញជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមខ្លួន។

ខ្សែប្រយុទ្ធ Karim Benzema បានវាយបក១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ វាយយឺតពេលបន្តិចហើយក្នុងការវាយបករកឲ្យបាន១ពិន្ទុនោះ។ លោក Zidane មិនបានដាក់ឲ្យ Gareth Bale លេងក្នុងជម្រើសដំបូង និងបានរងបរាជ័យជាលើកទី១រសប់លោក បើគិតចាប់តាំងពីវិលទៅកាន់ក្លិប Real Madrid វិញ។

លោក Zidane បានឲ្យដឹងថា៖ «យើងខ្វះនូវភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ។ ខ្ញុំនឹងមិនរិះគន់កីឡាកររបស់ខ្ញុំឡើយ។ ពួកគេបានព្យាយាម ហើយយើងបានលេងជាមួយនឹងក្រុមដ៏ខ្លាំងមួយ។ ប៉ុន្តែ ការចាញ់តែងតែផ្តល់នូវការឈឺចាប់»។ ក្រោយពីការចាប់ផ្តើមដ៏ត្រដាបត្រដួសនៅរដូវកាលនេះ ក្រុម Valencia អាចនឹងជួបការរីករាយចំពោះលទ្ធផលនេះ៕
ប្រភពព័ត៌មាន៖ BBC