លោក Pele ត្រូវបានគេបញ្ជូនចេញពីសណ្ឋាគារមួយកន្លែងទៅកាន់មន្ទីរពេទ្យនាទីក្រុងប៉ារីសរដ្ឋធានីរបស់ប្រទេសបារាំង ដែលនៅក្បែរទីកន្លែង ដែលរូបលោកស្នាក់នៅកាលពីល្ងាចថ្ងៃអង្គារ។ យោងគេហទំព័រ RMC Sport បានចុះផ្សាយថាៈ អធិរាជបាល់ទាត់ប្រេស៊ីលវ័យ ៧៨ឆ្នាំរូបនេះកំពុងមានជំងឺគ្រុនក្តៅហើយស្ថានភាពជម្ងឺរបស់គាត់មិនធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតនោះទេ។

អតីតខ្សែប្រយុទ្ធ Santos រូបនេះនៅតែស្ថិតក្នុងមន្ទីរពេទ្យកាលរហូតមកដល់ថ្ងៃពុធដែលជាកន្លែង រូបលោកមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យ។ ទោះបីជាយ៉ាងនេះក្តីមានការដកស្រង់សម្តីប្រិយមិត្តក្រុមអ្នកគាំទ្រលោក Pele បានប្រាប់ប្រភពដដែលថាការសម្រេចចិត្តទៅកាន់មន្ទីរពេទ្យគឺជាវិធានការប្រុងប្រយ័ត្នបំផុតសម្រាប់សុខភាពរបស់វីរបុរសរូបនេះ។

គួរកត់សម្គាល់ថាកាលពី ល្ងាចថ្ងៃអង្គារវីរបុរសដែលបានជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពាន World Cujp ៣សម័យ លោក Pele បានជួបជាមួយខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅទីក្រុងប៉ារីស។ Mbappe ដែលបានជួយបារាំងអោយលើកពាន World Cup ២០១៨ កាលពីពេលថ្មីនេះក៏ ត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករដ៏អស្ចារ្យបំផុតរបស់ពិភពលោក។

ប៉ុន្តែលោក Pele បានព្រមានខ្សែប្រយុទ្ធបារាំងវ័យ ២០ឆ្នាំរូបនេះ គួរព្យាយាមហ្វឹកហាត់ដើម្បីក្លាយជាកីឡាករមានកេរ្ត៏ឈ្មោះល្បីល្បាញទូទាំងពិភពលោក គាត់នៅតែមានឱកាសជាច្រើនដើម្បីធ្វើឱ្យប្រសើរឡើង។ អធិរាជបាល់ទាត់ Pele បានប្រាប់ Le Parisien ថា: គាត់មិនមែនជាស្តេចនៅឡើយទេ។ ប៉ុន្តែកំពុងតែសាកល្បងដើម្បីក្លាយជាស្តេច។ គាត់នៅតែមានជំហានជាច្រើននៅពីមុខព្រោះតែវ័យនៅក្មេងនិងកំពុងតែចាប់ផ្តើមដំណើរការអាជីពមួយនេះ។