ប្រធាន​ក្លិប Lyon លោក Jean-Michel Aulas បាន​និយាយ​ថា លោក​នឹង​រង់ចាំ​រហូត​ដល់​ចុង​រដូវកាល​នេះ​ក្នុង​ការសម្រេចចិត្ត​ពី​អនាគត​របស់​គ្រូបង្វឹក​លោក Bruno Genesio បន្ទាប់ពី​ក្រុម​នេះ​ចាញ់​ក្រុម Rennes ក្នុង​ទឹកដី​ខ្លួន ៣-២ ពី​ថ្ងៃ​អង្គារ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន French Cup​។ លោក Aula បាន​និយាយ​ពាក់ព័ន្ធ​គ្រូបង្វឹក​នេះ​ថា​៖ «​យើង​បាន​ព្រមព្រៀង​គ្នា​ថា ប្រសិនបើ​យើង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ប្រសិន​បើ​យើង​ស្ថិត​លើ​កំពូល​តារាង​ទាំង​ ៣ យើង​នឹង​បន្ត​រយៈពេល​ ២ ​ឆ្នាំ​ទៀត​»​។

ក្រុម Rennes បាន​នាំ​មុខ​ចំនួន​ ២ ​លើក​ក្នុង​ការប្រកួត​នៅ​កីឡដ្ឋាន Groupama តាមរយៈ​ការបញ្ចូល​ទី​របស់​កីឡាករ Mbaye Niang និង Benjamin Andre ប៉ុន្តែ​ក្រុម Lyon បាន​វាយបក​តាម​ស្មើ​វិញ​ដោយ​កីឡាករ Bertrand Traore និង​កីឡាករ Moussa Dembele​។ ប៉ុន្តែ​នៅ​នាទី​ទី​ ៨១ ខ្សែ​ការពារ​សញ្ជាតិ​អាល់ហ្សេរី Ramy Bensebaini បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ១ ​គ្រាប់​ទៀត​ធ្វើឲ្យ​ក្រុម Rennes ឈ្នះ​ក្រុម Lyon ៣-២ ហើយ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ពួកគេ​អាច​ប៉ះ​ជើងឯក​ពានរង្វាន់​នេះ​គឺ​ក្រុម Paris Saint Germain​។

ពេល​នេះ​ក្រុម Lyon ស្ថិត​នៅ​លេខ​ ៣ ​ក្របខណ្ឌ​បារាំង Ligue 1 ដោយ​តាម​ពីក្រោយ​ក្រុម Lille ៤ ​ពិន្ទុ គឺ​អាច​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នៃ​Champions League លើក​ទី​ ២ ​ជា​ស្វ័យប្រវត្តិ​។ មាន​ការប្រកួត​ចំនួន​ ៨ ​ទៀត​នៅក្នុង​លីក​នេះ ហើយ​ខ្ញុំ​នឹង​ធ្វើអ្វីៗ​គ្រប់​យ៉ាង ដើម្បី​ដឹកនាំ​ក្រុម​នេះ​ឲ្យ​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ចំណែកឯក្រុម Rennes នឹង​ជួប​ក្រុម PSG ឬក៏​ក្រុម Nantes ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ French Cup នៅ​កីឡដ្ឋាន Stad de France នៅ​ថ្ងៃទី​ ២៧ ខែ​មេសា​ខាង​មុខ​៕