លោក Pep Guardiola គ្រូបង្វឹក​ក្រុម Manchester City បាន​ព្រមាន​ខ្សែការពារ Benjamin Mendy ឲ្យ​កាត់បន្ថយ​ការដើរលេង​របស់​គាត់​កុំ​ឲ្យ​ដល់​យប់​ជ្រៅ​ពេក បន្ទាប់ពី​មាន​គេ​បាន​ឃើញ​ខ្សែការពារ​ក្លិប Manchester City រូបនេះ​ស្ថិត​នៅក្នុង​ក្លិប​រាត្រី​មួយ​កន្លែង​នៅពេល​ទៀបភ្លឺ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កីឡាករ Mendy មិន​ត្រូវ​បាន​ដាក់​ឲ្យ​លេង​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅពេល​ដែល​ក្រុម Manchester City បាន​ទទួល​ជ័យជម្នះ​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ​ទេ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ខ្សែការពារ​រូបនេះ​គ្រោង​នឹង​ចូលរួម​ក្នុង​ការហ្វឹកហាត់​មួយ ខណៈ​គាត់​បាន​ព្យាយាម​រក្សា​រាង​របស់​គាត់​កុំ​ឲ្យ​ធាត់​ខ្លាំង​ពេក ក្រោយពី​បញ្ចប់​រដូវកាល​ដែល​ពោរពេញ​ទៅ​ដោយ​ការរងរបួស​រួច​ហើយ​។

តារា​បាល់ទាត់​បារាំង​គឺ​កីឡាករ Mendy ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចូល​ទៅ​លេង​នៅ​ក្លិប​រាត្រី​មួយ​កន្លែង​នៅក្នុង​ទីក្រុង Manchester ប្រទេស​អង់គ្លេស​រហូត​ដល់​ម៉ោង​ ២ និង​ ៣០ ​នាទី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ គ្រូបង្វឹក​ក្លិប Man City គឺ​លោក Guardiola បាន​និយាយ​ថា​លោក​មិន​អាច​បង្ខំ​ឲ្យ Mendy ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​នោះទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​លោក​មាន​ការខកចិត្ត​ខ្លាំង​ណាស់ ចំពោះ​ទង្វើ​ដែល​កីឡាករ​រូប​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ពេល​ថ្មីៗ​នេះ​។

ខ្សែការពារ Mendy វ័យ​ ២៤ ​ឆ្នាំ​រូប​នេះ​បាន​រងរបួស​ ២ ​លើក​ ហើយបាន​ខកខាន​ការប្រកួត​ជាច្រើន​លើក​ក្នុង​រដូវកាល​ដំបូង​របស់​គាត់​នៅ​ក្លិប​ Manchester City នេះដោយសារ​របួស​ លោក Guardiola បាន​បញ្ជាក់​ថា​ពេល​នេះ​ខ្សែប្រយុទ្ធ Mendy មាន​ស្ថាន​ដូច​ធម្មតា​វិញ​ហើយ ហើយ​មាន​បំណង​ចូលរួម​ប្រកួត​ជាមួយ​នឹង​ក្រុម Cardiff នៅ​ថ្ងៃ​ពុធ​នៅ​កីឡដ្ឋាន Etihad ផង​ដែរ​៕