ប្រធាន​សមាគម​សហភាព​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា UEFA លោក Aleksander Ceferin បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​សោកស្ដាយ​ចំពោះ​ការកើត​មាន​នូវ​ការប្រកាន់​ពូជសាសន៍​ក្នុង​ពេល​ថ្មីៗ​នេះ ដូចជា​ខ្សែបម្រើ Raheem Sterling កីឡាករ Danny Rose និង Callum Hudson-Odoi ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​នៅ​រដូវកាល​នេះ​។ ហើយលោក Ceferin នឹង​ស្នើសុំ​ឲ្យ​អាជ្ញាកណ្ដាល​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការបញ្ឈប់​ការប្រកួត​ចោល​ភ្លាម​ក្នុង​ករណី​មាន​ការបៀតបៀន​ពូជសាសន៍​កើតឡើង​នៅ​កន្លែង​ប្រកួត​។

លោក Ceferin បាន​និយាយ​នៅ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​អង្គារ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី «​ការប្រកួត​ស្មើ​គ្នា​» ដើម្បី​ជួយ​ដោះស្រាយ​ការរើសអើង​នេះ​ថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ដែល​នៅ​ឆ្នាំ​ ២០១៩ ​នេះ​យើង​ត្រូវ​ធ្វើ​សន្និសីទ ដើម្បី​ផ្សព្វផ្សាយ​ពី​ការគោរព​សិទ្ធិ​គ្នា​បែប​នេះ ហើយ​វា​គួរ​ឲ្យ​បារម្ភ​មែនទែន​នៅពេល​ឃើញ​មេដឹកនាំ និង​អ្នកនយោបាយ​ពិភពលោក​ចេញ​មុខ​និយាយ​សម្រាល​ស្ថានការណ៍​ជុំវិញ​ការរើងអើង​ពូជសាសន៍​បែបនេះ​»​។

លោក Ceferin បាន​បន្ត​ថា​៖ «​នេះ​ជា​បញ្ហា​ធំ​មួយ​ដែល​តែង​កើតឡើង​មិន​ត្រឹម​តែ​នៅ​តំបន់​បាកង់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​តែង​កើតឡើង​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ផងដែរ​ដូច​អ្នក​បាន​ដឹង​ហើយ នៅ​ប្រទេស​អ៊ីតាលី គឺជា​ប្រទេស​មួយ​ដែល​មាន​បញ្ហា​ច្រើន​បំផុត​ពាក់ព័ន្ធ​នឹង​ការរើសអើង​ពូជសាសន៍ រើសអើង​ភេទ និង​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាដើម​»​។​ ប្រធាន​សមាគម​បាល់ទាត់ (FA) លោក Greg Clarke បាន​និយាយថា ​ប្រទេស​អង់គ្លេស​ក៏​ត្រៀមលក្ខណៈ​បង្កើន​ការផ្ដន្ទាទោស ឬ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទង្វើ​រើសអើង​ពូជសាសន៍​ផងដែរ​។