កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ចាត់ការ​ទូទៅក្លឹបមេឃខៀវ​ Manchester City លោក Pep Guardiola បាន​និយាយ​ថា​ ក្លឹប​របស់​លោក​មិន​ត្រូវ​បាត់បង់​ពិន្ទុ​ជាដាច់​ខាត​ បើ​សិន​ចង់​ការពារ​តំណែង​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​របស់​ខ្លួន​(Premier League)។

លោក​បាន​លើកឡើង​ថា​៖ ” ពួក​យើង​មាន​អារម្មណ៍​ថា​ បើ​សិន​ជា​យើង​ភ្លាត់​បាត់​ពិន្ទុ​ នោះ​យើង​មិន​មែន​ជា​ជើង​ឯក​ទេ​។ ខ្ញុំ​មិន​ដឹង​ថា​ លក្ខខ័ណ្ឌ​ណា​ដែល​យើង​នឹង​ជួប​ពេល​ប៉ះ​នឹង​ Brighton (វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ FA Cup) ទេ​ ប៉ុន្តែ​ពេល​លេង​ទល់​នឹង​ Cardiff ពួក​យើង​គួរ​តែ​រក​គ្រាប់​បាល់​ឲ្យ​ច្រើន​ជាង​នេះ។ នេះ​ជា​អ្វី​ដែល​យើង​សោកស្ដាយ​បន្តិច​ដែរ ” ។ គិត​មក​ទល់​ពេល​នេះ​ ក្លឹប​ Manchester City ឈរ​លើ​កំពូល​តារាង​ ដោយ​មាន​ ៨០​ពិន្ទុ និង​លើស​ក្លឹប​ហង្ស​ក្រហម​ Liverpool ១ ពិន្ទុ។

សល់​ ៦​ប្រកួត​ចុង​ក្រោយ​នេះ ក្លឹប​ Manchester City នឹង​ត្រូវ​ប៉ះ​ Crystal Palace (ក្រៅ​ដី), Tottenham Hotspur (ក្នុង​ដី), Manchester United (ក្រៅ​ដី), Burnley (ក្រៅ​ដី), Leicester (ក្នុង​ដី) និង​Brighton (ក្រៅ​ដី)៕