ខ្សែការពារ Virgil van Dijk នឹងវិលទៅកាន់ក្លិបចាស់ Southampton របស់គេវិញនៅរាត្រីថ្ងៃសុក្រនេះ ស្របពេលដែលមានរហ័សនាមថា ជាសមាជិកដ៏មានឥទ្ធិពលម្នាក់ក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League រវាងក្រុម Liverpool និង Manchester City។

ក្រៅពីការមានតំបន់ប្រយុទ្ធដ៏មុតស្រួច ក្រុមរបស់លោក Jurgen Klopp បានដាក់ក្តីសង្ឃឹមដ៏ធំលើខ្សែការពារអន្តរជាតិហូឡង់រូបនេះ ដែលបានផ្ទេរមកពីក្លិប Southampton កាលពីរយៈពេល១៥ខែមុន សម្រាប់តម្លៃខ្លួន៧៥លានផោន (ស្មើនឹង៩៩លានដុល្លារអាមេរិក) ខណៈដែលតម្លៃខ្លួននេះបានផ្តល់នូវការចា់បអារម្មណ៍យ៉ាងខ្លាំង។

ប៉ុន្តែ បច្ចុប្បន្ន ការបណ្តាក់ទុន ហាក់ដូចជាការបណ្តាក់ទុនដ៏ឆ្លាតវៃបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League នាពេលថ្មីៗនេះ ខណៈដែល Van Dijk បានបំពេញតួនាទីយ៉ាងល្អឥតខ្ចោះ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Tottenham កាលពីចុងសប្តាហ៍មុន ដែលនេះជាគំរូបង្ហាញឲ្យឃើញពីទម្រង់លេងដ៏រឹងមាំរបស់គេ។

ស្របពេលដែលការប្រកួតស្ថិតក្នុងលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ក្រុម Tottenham មានឱកាសគ្រប់គ្រងបាល់ជាមួយនឹងកកីឡាករ២នាក់ ទល់នឹងម្នាក់ ដោយ Moussa Sissoko និង Son Heung-min ត្រូវព្យាយាមទម្លុះតំបន់ការពារកណ្តាលរបស់ Liverpool។

Van Dijk បានសម្រេចចិត្តទុកឲ្យ Sissoko ជាអ្នកគ្រប់គ្រងបាល់ និងបង្ខំឲ្យរូបគេត្រូវតែស៊ុតបាល់សំដៅទី ប៉ុន្តែ ខ្សែបម្រើរបស់ក្លិប Tottenham រូបនេះ មិនបានស៊ុតបាល់បញ្ចូលទីឡើយ ដែលនាំឲ្យក្រុម Liverpool ដណ្តើមបានជ័យជម្នះតែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia