ក្លិប Wolverhampton Wanderers បានប្រើប្រាស់ជម្រើសក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ​ Jimenez ស្ថិតក្នុងការខ្ចីជើងពីក្លិប Benfica ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ ហើយកីឡាករអន្តរជាតិម៉ិកស៊ិករូបនេះ បានចុះកុងត្រារយៈពេល៤ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍។

Wolves មិនបានប្រកាសពីតម្លៃខ្លួននៃការផ្ទេរនេះឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយថា វាមានតម្លៃខ្លួន៣០លានផោន (ស្មើនឹង៣៩លានដុល្លារអាមេរិក)។ តម្លៃខ្លួននេះគឺជាតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប បើគិតចាប់តាំងពីពួកគេបានទិញខ្សែបម្រើស្លាប Adama Traore ក្នុងតម្លៃខ្លួន១៨លានផោន កាលពីឆ្នាំមុន។ Jimenez វ័យ២៧ឆ្នាំបានប្រាប់គេហទំព័ររបស់ក្លិបថា៖ «វាពិតជាកិត្តិយសដ៏ធំធេងមួយសម្រាប់ខ្ញុំក្នុងការក្លាយជាសមាជិកជាអចិន្ត្រៃយ៍របស់ក្រុមនេះ។

ខ្ញុំពិតជារីករាយណាស់សម្រាប់ការចុះកុងត្រាជាអចិន្ត្រៃយ៍នេះ ខណៈដែលខ្ញុំមានអារម្មណ៍ថា ការនៅជាមួយនឹងក្រុម Wolves ពិតជាស័ក្តិសមសម្រាប់ខ្ញុំ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំចង់បង្កើតប្រវត្តិសាស្ត្រនៅទីនេះជាមួយនឹងក្លិបនេះ។

ជាមួយនឹងការជួយពីមិត្តរួមក្រុមរបស់ខ្ញុំ ខ្ញុំចង់ជួយឲ្យក្លិបនេះ ឈរក្នុងចំណាត់ថ្នាក់កំពូលលើតារាងក្របខ័ណ្ឌ Premier League។ ខ្ញុំគិតថា យើងទាំងអស់គ្នាចង់ និងមានមហិច្ឆតានោះ»។ ខ្សែប្រយុទ្ធអន្តរជាតិម៉ិកស៊ិករូបនេះ បានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន៧គ្រាប់ផ្សេងទៀតក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Wolves ក្នុងកិច្ចសន្យាខ្ចីជើងពេញ១រដូវកាល កាលពីខែមិថុនា៕
ប្រភពព័ត៌មាន៖ Channel News Asia