ក្លិប Tottenham រកបានប្រាក់ចំណេញសុទ្ធជាកំណត់ត្រាពិភពលោក ក្រោយពីរកបាន១១៣លានផោន (ស្មើនឹង១៤៧,៨លានដុល្លារអាមេរិក) បន្ទាប់ពីកាត់ពន្ធ កាលពីរដូវកាលមុន។ តួលេខខ្ពស់ជាងគេនៃការរកបានប្រាក់ចំណេញសុទ្ធក្នុងក្របខ័ណ្ឌ Premier League មានចំនួន១០៦លានផោន ដែលរកបានដោយក្លិប Liverpool កាលពីរយៈពេល១ឆ្នាំមុននោះ។

តួលេខនេះ ត្រូវបានចេញផ្សាយ ក្រោយពីក្លិប Spurs បានបើកកីឡដ្ឋានថ្មី ដែលបានចំណាយប្រាក់លើការសាងសង់អស់ជាង១ពានលានផោន ខណៈដែលភាគច្រើននៃប្រាក់ទាំងនេះ គឺបានមកពីការកម្ចី។ Spurs បានបើកកីឡដ្ឋានថ្មីដ៏ទំនើបដែលអាចផ្ទុកអ្នកទស្សនាបាន៦២០០០នាក់របស់ខ្លួន កាលពីថ្ងៃពុធ ដោយសង្ឃឹមថា នឹងរកបានចំណូលបន្ថែមទៀតលើការប្រកួតផ្សេងៗ ហើយការយល់ព្រមក្នុងការរៀបចំការប្រកួតក្របខ័ណ្ឌកីឡាបាល់ឱបអាមេរិក NFL នឹងជួយឲ្យក្លិបនេះ រកបានចំណូលបន្ថែមទៀត។

ការចំណាយសរុបលើកីឡដ្ឋានថ្មី និងទីលានហ្វឹហាត់របស់ក្លិបនេះ បានកើនឡើងច្រើនជាង១ពាន់លានផោន នៅត្រឹមចុងខែមិថុនា ឆ្នាំ២០១៨។ ប្រាក់ចំណូលនេះ មានចំនួនជិត៣ដងបើធៀបទៅនឹងប្រាក់ចំណូលដែលរកបាន៣៦លានផោន កាលពីឆ្នាំ២០១៧។ ប្រាក់ចំណូលសរុបបានកើនឡើងពី៣១០លានផោន រហូតដល់ជិត៣៨១លានផោន ដោយសារតែការលក់សំបុត្របានកាន់តែច្រើនលើទឹកដីបណ្តោះអាសន្នរបស់ខ្លួននៅកីឡដ្ឋាន Wembley៕
ប្រភពព័ត៌មាន៖ BBC