ក្រុម Paris Saint-Germain បានខ្ជះខ្ជាយឱកាសក្នុងការលើកពានក្របខ័ណ្ឌ Ligue 1 ក្នុងពេលវេលាជាកំណត់ត្រា កាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Strasbourg លើទឹកដីខ្លួនឯង ស្របពេលដែលការខកខានឱកាសដ៏មិនគួរឲ្យជឿរបស់ខ្សែបម្រើស្លាប Eric Maxim Choupo-Moting នៅលើខ្សែបន្ទាត់ទី បានផ្តល់ការខកចិត្តដល់ក្រុមរបស់គេតែម្តង។

ក្រុម PSG បានទទួលឱកាសក្នុងការលើកពានក្របខ័ណ្ឌលីកបារាំង ជាលើកទី៦ក្នុងរយៈពេល៧រដូវកាល ក្រោយពីក្រុមឈរលេខ២ Lille បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Reims ក្នុងការប្រកួតមុននេះ។ លទ្ធផលនេះ បានធ្វើឲ្យក្រុម PSG របស់លោក Thomas Tuchel ដឹងថា ការដណ្តើមបាន៣ពិន្ទុនៅកីឡដ្ឋាន Parc des Princes នឹងជួយឲ្យពួកគេការពារពានរបស់ខ្លួនយ៉ាងជោគជ័យ និងឈ្នះពាន Ligue 1 ខណៈនៅសល់ការប្រកួតដល់ទៅ៨លើកទៀត ដើម្បីតាមស្មើកំណត់ត្រាក្រុមរបស់លោក Laurent Blanc កាលពីឆ្នាំ២០១៦។

ខ្សែបម្រើស្លាប Choupo-Moting បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន តាមរយៈការរកបានគ្រាប់បាល់ទី៣របស់គេក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុន្តែ ក្រោយមក នៅតង់ទី១ រូបគេបានទទួលបាល់ពីការផ្លាតចេញពីជើងរបស់កីឡាករ Christopher Nkunku ប៉ុន្តែ បែរជាស៊ុតបាល់ប៉ះបង្គោលទី ខណៈដែលរូបគេឈរលើខ្សែបន្ទាត់នៃទី។

Choupo-Moting បានប្រាប់ទូរទស្សន៍ Canal+ ថា៖ «ខ្ញុំមានការងឿងឆ្ងល់ថា ខ្ញុំស្ថិតក្នុងជំហរ Offside ឬយ៉ាងណា ហើយវាបានកើតឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំបានបះបាល់ ហើយបាល់នោះបានប៉ះទៅនឹងបង្គោលទី។ វាជារឿងដ៏គួរឲ្យខ្មាស់អៀន ពីព្រោះបាល់នោះគួរតែចូលក្នុងទី។ ខ្ញុំពិតជាសោកស្តាយណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia