ក្រុម​អ្នកមាន​ចិន Shanghai SIPG រក​បាន​ ១​ពិន្ទុ​ទាំង​លំបាក​ពី​ទឹកដី​អូស្ត្រាលី Sydney FC បន្ទាប់ពី​ខ្សែប្រយុទ្ធ Elkeson ​រក​បាន​គ្រាប់​ចុងក្រោយ​តាម​ស្មើ ៣-៣ ចុង​ម៉ោង​ទៅ​ហើយ​។

​​ក្រុម​ម្ចាស់ផ្ទះ Sydney នាំ​មុខ​មុន​តាំងពី​នាទី​ទី3 ដោយ Siem De Jong មុន​ពេល​ដែល​កីឡា​ចិន Lu Wenjun​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​នៅ​នាទី​ទី27​។ វគ្គ​ទី​មួយ​ដដែល​ម្ចាស់ផ្ទះ​ក៏​នាំមុខ​សារ​ជាថ្មី​ដោយ Adam Le Fondre ​ដោយ​បាល់​ពិន័យ 11ម៉ែត្រ តែ​ក៏​ត្រូវ​ភ្ញៀវ Shanghai SIPG តាម​ស្មើ​ទៀត​នៅ​នាទី​ទី​36 ដោយ Yu Hai​។​

​ក្រុម​អូស្ត្រាលី Sydney FC ស្ទើរ​តែ​រក​បាន​ជ័យ​ជំនះ​ដំបូង​នៅ AFC Champions League រដូវ​កាល​នេះ​ទៅ​ហើយ ​នៅ​ពេល Alex Bosque រក​គ្រាប់​នាំមុខ​លើក​ទី​3 នៅ​នាទី​ទី84 តែ​នាទី​ទី89 ទៅ​ហើយ Elkeson​ គឺជា​អ្នក​ស៊ុត​តាម​ស្មើ​លើក​ទី3 ​ដែរ​ឲ្យ Shanghai SIPG ស្មើ 3-3 នៅផ្ទះ Sydney FC​។

​​មួយ​គូ​ទៀត​ក្នុង​ពូ​ល H នេះ Ulsan Hyundai យកឈ្នះ Kawasaki Frontale 1-0 ដែល​ធ្វើ​ឲ្យ Ulsan បន្ត​ឈរ​លេខ​1 ​ក្នុង​ពូ​ល​មាន 7ពិន្ទុ​តាម​ពី​ក្រោយ​ដោយ Shanghai SIPG មាន 4ពិន្ទុ ខណៈ Kawasaki លេខ3 ​មាន 3​ពិន្ទុ និង Sydney FC ក្រោម​គេ​មាន 2ពិន្ទុ​។

ក្រឡេក​មក​ទស្សនា​ពូ​ល F វិញ​ក្រុម​ម្ចាស់​ផ្ទះ​ចិន Guangzhou Evergrande​ បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អូស្ត្រាលី Melbourne Victory​។ ​ខ្សែ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Anderson Talisca​ ស៊ុត​បើក​ការ​នាំ​មុខ 2​គ្រាប់​ម្នាក់​ឯង​ត្រឹម 10​នាទី ពោល​គឺ​គ្រាប់​ទី​1 ​តែ​ត​បញ្ចូល​ទី​ពី​បាល់​កាត់​របស់ Gao Lin និង​គ្រាប់​ស៊ុត​បាល់​កោង​បញ្ចូល​ទី​។ ​​មិនទាន់​អស់​ទេ​ក្នុង​វគ្គ​ទី1 ​ដដែល Guanzhou Evergrande​ ក៏​រក​បាន​គ្រាប់​នាំមុខ 3-0 ដោយ Yang Liyu​។

​​ឈាន​ចូល​វគ្គ​ទី​ពីរ Melbourne Victory គ្មាន​អ្វី​តបត ហើយ​ថែម​ទាំង​ភ្លាត់​ចូល​ទី​ខ្លួន​ឯង​ 1​គ្រាប់​ទៀត​ដោយ Leigh Broxham​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត Guangzhou Evergrande​ យក​ឈ្នះ Melbourne Victory 4-0 ឡើង​មក​ឈរ​លើ​គេ​ក្នុង​ពូ​ល F នេះ តែ​មាន 6ពិន្ទុ​ស្មើគ្នា​ជាមួយ Daegu FC និង Sanfrecce Hiroshima ខណៈ​មាន​តែ Melbourne Victory ប៉ុណ្ណោះ​ដែល​គ្មាន​ពិន្ទុ​រាប់​៕