ខ្សែប្រយុទ្ធ Diego Costa របស់ក្លឹប Atletico Madrid បានទទួលរងការផាកពិន័យមិនអោយចូលប្រកួតចំនួន ៨ លើកដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក្រោយទទួលបានកាតក្រហមបណ្តេញចេញកំលុងការប្រកួតដែលក្រុម At.Madrid ចាញ់ Barcelona ២:0 កាលពីថ្ងៃសៅរ៍សប្តាហ៏មុននៅកីឡាដ្ឋាន Camp Nou បន្ទាប់ពីកីឡាករដើមកំណើតប្រេស៊ីល Costa បានប្រឈមមុខជាមួយពាក្យសម្តីធ្ងន់ៗជាមួយអាជ្ញាកណ្តាលលោក Gil Manzano ។

ក្រុម Atletico Madrid អាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះបើមិនដូច្នេះទេ ការចេញសេចក្តីសម្រេចនេះនិងធ្វើអោយ Costa ត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល២០១៨-២០១៩នេះ ។

គណៈកម្មាធិការប្រកួតប្រជែងរបស់សហព័ន្ធបាល់ទាត់អេស្បាញ (RFEF) បានអនុវត្តមាត្រា ៩៤ និង ៩៦ នៃបទបញ្ជារបស់ពួកគេ។ខណៈដែល មាត្រា ៩៤និង៩៦ ចែងថាការំខាននិងប្រមាថមើលងាយដល់អ្នកកាត់សេចក្តីនៅលើទីលាន គឺអាជ្ញាកណ្តាលនិងត្រូវទទួលទោសមិនអោយចូលប្រកួតចន្លោះពី៤ទៅ១២ប្រកួត។ ហេតុដូច្នេះហើយ Costa ត្រូវហាមឃាត់បួនប្រកួតនិងព្យួរការប្រកួត៤ដងបន្ថែមទៀតសរុបទៅគឺ៨ប្រកួតនិង ពិន័យជាប្រាក់បន្ថែមចំនួន ៣,៥០០ អឺរ៉ូ។