Kevin De Bruyne បានរំលឹកដល់អតីតកាលរវាងរូបខ្លួននិងអតីតគ្រូបង្វឹក លោក Jose Mourinho អំឡុងពេលរូមការងារនៅក្រុមតោខៀវ Chelsea ។ កីឡាករអន្តរជាតិបែលហ្សិក De Bruyne បច្ចុប្បន្នកំពុងបន្តអាជីព អោយក្លឹប Manchester City បានបង្ហាញខ្លួនត្រឹមតែបីប្រកួតប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ២ ឆ្នាំនៅក្លិប Chelsea មុនពេលលេងអោយក្រុម Werder Bremen ក្នុងលក្ខណ្ឌខ្ចីជើង។

De Bruyne បានចាកចេញពី Stamford Bridge ទៅកាន់ Wolfsburg នៅខែមករាឆ្នាំ ២០១៤មុនផ្ទេរទៅ Etihad Stadium នៅឆ្នាំ ២០១៥ ។ ខ្សែបម្រើដែលបានជួយក្លឹបលើកពាន Premier League មានវ័យ២៧ឆ្នាំរូបនេះបានប្រាប់ទស្សនាវដ្តី Players Tribune ថា: មានព័ត៌មានជាច្រើនចុះផ្សាយ អំពីទំនាក់ទំនងរបស់ខ្ញុំជាមួយលោក Jose Mourinho ។

ប៉ុន្តែការពិត ខ្ញុំធ្លាប់ និយាយទៅកាន់គាត់ពីរដងប៉ុណ្ណោះ ព្រោះក្នុងផែនការរបស់គាត់បាក់ត្រៀមអោយខ្ញុំទៅក្លឹបផ្សេងខ្ចីជើងរួចទៅហើយ។ បើទោះបីជាក្រោយពីវិលត្រលប់ក្នុងលក្ខណ្ឌខ្ចីជើងអតីតអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនោះធ្លាប់បានប្រាប់ថាចង់អោយខ្ញុំ បន្តស្នាក់នៅជាមួយក្រុមបន្តទៀតព្រោះខ្ញុំស្ថិតនៅក្នុងផែនការប្រើប្រាស់របស់ក្រុម។

De Bruyne រកគ្រាប់បាល់បាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតនៅក្របខ័ណ្ឌ Bundesliga អោយWerder Bremen មុនពេលវិលមកកាន់ទឹកដី Stamford Bridge ខណៈដែលលោក Jurgen Kloppអតីតគ្រូបង្វឹក Borussia Dortmund បច្ចុប្បន្នជាគ្រូបង្វឹក Liverpool ក៏ធ្លាប់ចង់ចុះហត្ថលេខានាំយករូបគេមករួមក្រុមនាពេលនោះផងដែរ ។