Lionel Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ច្រើនជាងគេជាមួយក្លឹបនៅក្របខណ្ឌ Premier League អង់គ្លេស សម្រាប់ការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champions League ធៀបនឹងក្លឹបដទៃទៀតនៅ ប្រទេស នាតំបន់អឺរ៉ុប។

កំណត់ត្រានេះបាបន្តកើតមានឡើងក្រោយពី ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់សម្រាប់ការប្រកួតជើងទី២ ក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយជាមួយក្រុមភ្ញៀវមកពីអង់គ្លេសគឺ Man.United។

Messi បានរកគ្រាប់បាល់បើកឆាកនៅនាទីទី ១៦ខណៈ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះមានឪកាសទទួលបានបាល់ ពីការបញ្ជូនមិនបានចំគោលដៅរវាង Ashley Young និង Paul Pogba ធ្វើអោយ Messi បណ្តើរបាល់ញ៉ាក់ដាច់ Fred ទៅស៊ុតបញ្ចូលទីជើងឆ្វេងពីចំងាយធ្វើអោយអ្នកចាំទី De Gea មិនអាចសង្គ្រោះបាល់បានទេ។

ម្ចាស់ពានរង្វាន់បាល់មាស៥សម័យបានបន្ត ស៊ុតបញ្ចូលទីគ្រាប់ទីពីរបួននាទីក្រោយមកដោយជើងស្តាំខណៈអ្នកចាំទី (David De Gea) បង្កកំហុសមិនអាចចាប់បាល់បានល្អធ្វើអោយបាល់របូតចូលទី មុនពេលខ្សែបម្រើប្រេស៊ីល Philippe Coutinho បន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៦១ដើម្បីបញ្ចប់លទ្ធផល Barcelona ៣:0 Man.United។
ខាងក្រោមនេះជាកំណត់ត្រាគ្រាប់បាល់ Messi រកបានជាមួយនឹងក្លឹបអង់គ្លេសនាពេលកន្លងមក:

១.រកបាន៩គ្រាប់ជាមួយArsenal ២.៦គ្រាប់ជាមួយនិង Manchester City ៣.៤គ្រាប់ជាមួយនឹងក្រុម Manchester United ៤.៣ គ្រាប់ជាមួយ នឹង Chelsea និង ២គ្រាប់ជាមួយ Tottenham Hotspur។

Barcelona កំពុងរង់ចាំជួបជាមួយក្រុមហង្សក្រហម Liverpool រឺ Porto ហើយប្រសិន Liverpool មានឪកាសឈានមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយផ្តួល Porto ជើងទី១ក្នុងលទ្ធផល២:0 នោះ Messi នឹងមានឪកាសរកគ្រាប់បាល់ ជាមួយនឹងក្លឹបអង់គ្លេសមួយទៀតហើយ។ Messi នៅមិនទាន់រកគ្រាប់បាល់ប្រឆាំងនិងក្លឹប Liverpool ទេប៉ុន្តែគាត់អាចមានឱកាសជួយក្រុមដើម្បីផ្តួលគូប្រជែង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ថាបាន។