Jan Oblak បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Atletico Madrid រហូតដល់រដូវក្តៅឆ្នាំ២០២៣ ស្របពេលកិច្ចសន្យាចាស់របស់អ្នកចាំទីដៃស្អិតរូបនេះ ត្រូវផុតកំណត់នៅក្នុងខែមិថុនាឆ្នាំ២០២១ ជាមួយនិងតម្លៃខ្លួនកើនរហូតដល់ ១២០លានអឺរ៉ូ សម្រាប់កិច្ចសន្យាថ្មីនេះ ក្រោយពី At.Madrid ទិញរូបគេក្នុងតម្លៃត្រឹមតែ​ ១៦លានយូរ៉ូប៉ុណ្ណោះ កាលពីឆ្នាំ២០១៤ ពីក្លឹប Benfica។

Obak អ្នកចាំទីស្លូវ៉ាគីបានបង្ហាញទម្រង់លេងល្អបំផុត និងសាងកេរ្ត៏ឈ្មោះ ដ៏ល្បីល្បាញម្នាក់ចាប់តាំងពីពេលនោះមក។ មានប្រវត្តិធ្វើបាន ១១៥ CleanSheet ក្នុង ២០៣ប្រកួតសម្រាប់ក្រុម Los Rojiblancos បានទទួលបានពានរង្វាន់ផ្តាល់ខ្លួន Zamora ចំនួន ៣លើក ហើយកំពុងស្ថិតនៅរដូវកាលទីបួនសម្រាប់ការឈ្នះនេះ។

Oblak បានចូលរួមបន្តកិច្ចសន្យាថ្មីនេះជាមួយមិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Antoine Griezmann និង Diego Simeone ដែលបានបន្តកុងត្រាថ្មីផ្ញើរអនាគតរបស់ពួកគេនៅកីឡាដ្ឋាន Wanda Metropolitano កាលពីឆ្នាំមុន។ ក្រោយបន្តកិច្ច សន្យាថ្មី Oblak បាននិយាយថា: ខ្ញុំពិតជារីករាយណាស់ក្នុងការបន្តកិច្ចសន្យារបស់ខ្ញុំ។ វាជាពេលវេលាដ៏យូរហើយនៅទីបញ្ចប់យើងបានឈានដល់កិច្ចព្រមព្រៀងមួយ និង ជារដូវកាលទីប្រាំរបស់ខ្ញុំនៅទីនេះ។

Oblak កីឡាករវ័យ ២៦ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Europa League, UEFA Super Cup និង Supercopa de Espana ជាមួយក្រុមAt.Madrid បន្តថា: ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់គ្នាដែលបានជួយខ្ញុំឱ្យមកទីនេះ។ “ជាពិសេសភ្នាក់ងារផ្ទាល់ Miha Mlakar ដែលបាននៅជាមួយខ្ញុំសម្រាប់អាជីព ហើយបានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ។ ខ្ញុំក៏សូមអរគុណដល់ក្រុមប្រឹក្សាភិបាលក្លឹបនិងគ្រួសារ ដែលតែងតែគាំទ្រខ្ញុំជារៀងរាល់ថ្ងៃ។