ខ្សែប្រយុទ្ធ Alexandre Lacazette បានស៊ុតបាល់បញ្ចូលទីតែ១គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុម Arsenal បានផ្តួលក្រុម Napoli ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ជាមួយនឹងជ័យជម្នះទាំង២ជើង ក្នុងលទ្ធផល ៣-០។

ការស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អនៅនាទី ទី៣៦របស់ Lacazette បានជួយឲ្យក្លិបរបស់អង់គ្លេសមួយនេះ ឈានទៅវគ្គ៤ក្រុមចុងក្រោយ ដើម្បីជួបជាមួយនឹងក្រុមអេស្ប៉ាញ Valencia។ ការធ្លាក់ចេញរបស់ក្រុម Napoli ដែលស្ថិតក្រោមការដឹកនាំរបស់លោក Carlo Ancelotti មានន័យថា មិនមានក្រុមរបស់អ៊ីតាលី ដែលនៅសល់ ក្នុងយុទ្ធនាការអឺរ៉ុប នៅរដូវកាលនេះឡើយ។

ក្រុមរបស់លោក Unai Emery មិនដែលធ្លាក់ចូលក្រោមសម្ពាធដោយសារតែក្រុម Napoli ឡើយ បើទោះបីលេងក្រោមកម្តៅថ្ងៃដ៏ក្តៅនាកីឡដ្ឋាន Stadio San Paolo ក៏ដោយ ស្របពេលក្រុម Arsenal បានបាត់បង់តារាឆ្នើម Aaron Ramsey ដោយសារតែរបួសសរសៃពួរគន្លាក់ជើង ក្រោយពីលេងបានរយៈពេលកន្លះម៉ោង។

ក្រុម Napoli បានព្យាយាមដាក់សម្ពាធនៅដើមតង់ ដើម្បីទម្លុះតំបន់ការពារនៅនាទី ទី១៧ ខណៈដែល Kalidou Koulibaly បានព្យាយាមវាយបករហ័ស តាមរយៈការទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Jose Callejon ប៉ុន្តែ អ្នកចាំទី Petr Cech បាបនសង្គ្រោះបាល់យ៉ាងល្អ។

Ramsey បានរងរបួស និងប្តូរចេញនៅនាទី ទី៣៣ ខណៈដែល Henrikh Mkhitaryan បានចូលជំនួសកន្លែងរបស់ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ។ បច្ចុប្បន្ន លោក Emery នឹងត្រូវប៉ះជាមួយនឹងអតីតក្លិបរបស់ខ្លួន Valencia ដែលបានយកឈ្នះលើក្រុម Villarreal ទាំង២ជើងក្នុងលទ្ធផល ៥-១។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅទីក្រុង Baku នាថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia