Chelsea បានជួបការភិតភ័យក្រោមស្នាដៃក្រុម Slavia Prague ក្នុងពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-៣ លើទឹកដីខ្លួនឯង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈ្នះទាំង២ជើង ៥-៣ និងដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រោយពីបាននាំមុខ ១-០ រួចជាស្រេចពីការប្រកួតជើងទី១ ក្រុម Chelsea ហាក់ត្រូវឈ្នះដោយងាយទៅហើយ នៅពេលដែលពួកគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងពេលរយៈពេល១៧នាទីដំបូង នាកីឡដ្ឋាន Stamford Bridge តាមរយៈគ្រាប់បាល់របស់តារាឆ្នើម Pedro ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Simon Deli និងខ្សែប្រយុទ្ធ Olivier Giroud និងបាននាំមុខដល់ទៅ ៤-១ ត្រឹមតង់ទី១។

ប៉ុន្តែ ក្រុមជើងខ្លាំងរបស់ឆែក បានរក្សាមោទនភាពរសប់ខ្លួនវិញ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់នៅដើមតង់ទី២ តាមរយៈកីឡាករ Petr Sevcik ខណៈដែលពួកគេបានព្យាយាមដាក់សម្ពាធដើម្បីធ្វើការវាយបកដ៏គួរឲ្យកត់សម្គាល់មួយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Chelsea បានរក្សាការនាំមុខរបស់ខ្លួន ហើយនិងក្លិបនៅទីក្រុងឡុងដ៍មួយនេះ នឹងត្រូវប៉ះជាមួយនឹងក្រុម Eintracht Frankfurt ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយពីក្រុមអាល្លឺម៉ង់មួយនេះ បានផ្តួលក្រុម Benfica ២-០ ដើម្បីឈានទៅវគ្គបន្តដោយសារតែគ្រាប់បាល់ក្រៅដី បន្ទាប់ពីស្មើទាំង២ជើង ៤-៤។

លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានឲ្យដឹងថា៖ «យើងបានចាប់ផ្តើមមិនបានល្អឡើយនៅតង់ទី២ ប៉ុន្តែ ខ្ញុំពិតជារីករាយណាស់ពីព្រោះយើងបានលេងយ៉ាងល្អនៅរយៈពេល៤៥នាទីដំបូង ហើយយើងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌអឺរ៉ុប ដែលពិតជាសំខាន់ណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia