​​​ ការជួបគ្នាជាលើកទី៣រវាងក្រុម Manchester City និង Tottenham នឹងកើតឡើងក្នុងដំណាក់កាលដ៏សំខាន់ ក្រោយពីការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ដែលនៅពេលនោះក្រុម Spurs បានយកឈ្នះដោយសារតែគ្រាប់បាល់ក្រៅដី ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ការជួបគ្នារបស់ក្រុមទាំង២ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ ពិតជាសំខាន់ណាស់ សម្រាប់ទាំងការប្រជែងពានរបស់ Man City និងក្តីសង្ឃឹមរបស់ក្រុម Spurs ក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ម្តងទៀត នៅរដូវកាលក្រោយ។

ក្រុមរបស់លោក Pep Guardiola នៅសល់ការប្រកួតចំនួន៥លើកទៀត ដើម្បីក្លាយជាក្រុមដំបូងគេក្នុងរយៈពេល១ទសវត្សរ៍ ក្នុងការ ការពារពាន Premier League យ៉ាងជោគជ័យ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Liverpool កំពុងតែនាំមុខ២ពិន្ទុ បើទោះបីពួកគេបានលេងការប្រកួតច្រើនជាងគូប្រកួតរបស់ពួកគេ១ប្រកួតក៏ដោយ។​

ក្លឹប Manchester City បានស្ថិតលើផ្លូវរបស់ពួកគេក្នុងការប្រជែងដណ្តើមពាន៤ក្នុងរដូវកាលតែមួយ នៅមុនពេលបានធ្លាក់ចេញយ៉ាងខកចិត្តក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃពុធ។

ស្របពេលដែលក្រុមទាំង២ បានស្ថិតក្នុងលទ្ធផលស្មើទាំង២ជើង ៤-៤ ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទី១គ្រាប់ ដែលជាគ្រាប់បាល់កាត់សេចក្តីក្នុងការជួយឲ្យក្រុម Man City ទៅវគ្គបន្ត នៅមុនពេលគ្រាប់បាល់នោះត្រូវបានកាត់សេចក្តីថា ជាគ្រាប់បាល់ Offside។ លោក Guardiola បានឲ្យដឹងថា៖ «យើងត្រូវតែក្រោកឈរឡើង។ យើងត្រូវតែបញ្ចេញប្រតិកម្ម»៕
ប្រភពព័ត៌មាន៖ Sport24