Diego Costa ខ្សែប្រយុទ្ធក្រុម At.Madrid បានបដិសេធមិនមកធ្វើការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទេបើយោងតាមប្រភព AS របស់អេស្បាញបានចុះផ្សាយព៌តមាននេះ ។

ក្លឹបម្ចាស់ជើងឯក Europa League គឺ Atletico Madrid ក៏បានបើកដំណើរការនីតិវិធីដាក់វិន័យប្រឆាំងនឹងអតីតខ្សែប្រយុទ្ធ Chelsea រូបនេះដែលកំពុងរងការហាមឃាត់មិនអាចចូលរួមការប្រកួត ៨លើកផងដែរនោះ។ មិនមានហេតុផលណាមួយបញ្ជាក់ពីមូលហេតុដែលកីឡាករអន្តរជាតិអេស្បាញដើមកំណើតប្រេស៊ីលរូបនេះកំពុងរងរបួសនោះទេ ប៉ុន្តែសាមីខ្លួនបានបដិសេធមិនចូលហ្វឹកហាត់តែម្តង។

កាសែតដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ AS បានចុះផ្សាយ ព័ត៌មាននេះហើយបានបន្តថា ក្លឹបកំពុងតែធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះហើយ។ Costa ត្រូវបានសហព័ន្ធបាល់ទាត់អេស្បាញដាក់ពិន័យហាមមិនឱ្យចូលរួមការប្រកួត ៨ប្រកួត ក្រោយពីបានប្រើភាសាប្រមាថ ទៅលើអាជ្ញាកណ្តាលកំលុងការប្រកួត At.Madrid ចាញ់ Barcelona ក្នុងពេលកន្លងទៅ។

គួររំលឹកឡើងវិញផងដែរថាខ្សែប្រយុទ្ធ Diego Costa រូបនេះបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះកំលុងពេលលេងអោយ Chelsa ខណៈដែលរូបគេទាមទារផ្លាស់ទៅ Atletico Madrid វិញនោះ៕