ខ្សែ​ការពារ Jerome Baoteng​ បាន​បង្ហាញ​ពី​ចេតនា​ចង់​ចាក​ចេញពីក្លឹប Bayern Munich ក្រោយ​ចប់​រដូវ​កាល​នេះ បន្ទាប់ពីចំណាយ​ពេល ៨ឆ្នាំ​ជាមួយ​ក្លិប​នៅ Bundesliga ​មួយ​នេះ​។

​​កីឡាករ​វ័យ ៣០ឆ្នាំ​រូប​នេះ​បាន​អោយ​ដឹង​ថា ខ្លួន​ពិតជា​ចង់​ចាក​ចេញពី Bayern Munich ក្រោយ​ចប់​រដូវ​កាល​នេះ តែ​ក្លិប​មិន​ចង់​អោយ​ចេញ​។ ​Jerome Boateng បាន​ជួយ Bayern Munich ឈ្នះ​ពាន Bundesliga ៦លើក, DFB Pokal​ ៣លើក និង UEFA Champions League ១លើក​។ ​Boateng បាន​បន្ថែម​ថា គេ​ចង់​ចាក​ចេញពី​ក្លិប​មួយ​នេះ​ជាមួយ​ជ័យជំនះ នឹង​សង្ឃឹមថា​ជួយ Bayern Munich ឈ្នះ​ពាន Bundesliga​ មួយ​ទៀត​រដូវ​កាល​នេះ បូករួម​ទាំង DFB Pokal​។

​​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​ឈ្នះ​ជើងឯក​ពិភព​លោក World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល តែ​ថ្មីៗ​ត្រូវ​បាន​គ្រូ​បង្វឹក​អាល្លឺម៉ង់​លោក Joachim Loew​ ថា ​នឹង​មិន​ជ្រើសរើស​រូបគេ​ចូល​ក្រុម​ជម្រើស​ជាតិ​ទៀត​ឡើយ​។ ​Bayern Munich បច្ចុប្បន្ន​កំពុង​នាំ​មុខ​គេ​នៅ Bundesliga​ និង​កំពុង​ស្ថិតនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ DFB Pokal​ រឺ German Cup៕