តារាឆ្នើមក្រុម Cristiano Ronaldo របស់ក្រុមអុីតាលី Juventus បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពាន Serie A, La Liga និង Premier League បន្ទាប់ពីជួយឲ្យក្រុមសេះបង្កង់ លើកពានលីគកំពូលអ៊ីតាលី ៨ឆ្នាំជាប់ៗគ្នា កាលពីយប់មិញទៀត និងសន្យាថាក្រុម Juventus នឹងកាន់តែល្អនៅ UEFA Champions League រដូវកាលក្រោយ។

បន្ទាប់ពីខកចិត្តក្រោយចាញ់ Ajax ធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ៨ក្រុម កាលពីថ្ងៃអង្គារ ក្រុមរបស់លោក Massimiliano Allegri បានយកឈ្នះលើ Fiorentina ២-១ ក្នុងការប្រកួតសប្តាហ៍ទី ៣៣យប់មិញ។ ទោះសល់៥ប្រកួតទៀតចប់រដូវកាល ប៉ុន្តែ Juventus បានឈ្នះពានរដូវកាលនេះ ដោយសារដាច់ពីក្រុមលេខ២ Napoli ដល់ទៅ ២០ពិន្ទុឯណោះ។

គ្រូ​បង្វឹក​បង្គោល​ក្លឹប​ Juventus លោក Massimiliano Allegri បាន​ប្រាប់​ក្នុង​សន្និសីទ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo ដែលមានរហ័សនាមថា (CR7) ជា​អនាគត​របស់​ក្លឹប​ Juventus។ លោក​ Massimiliano ​បាន​បន្ត​ថា​៖ ” Ronaldo ជា​អនាគត​របស់​ Juventus ហើយរូបគេ​បាន​ជួយ​ក្លឹប​ច្រើន​ណាស់​ក្នុង​ឆ្នាំ​នេះ ហើយ​នឹង​បន្ត​បែប​នេះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ។

ក្រោយឈ្នះពានយប់មិញ ម្ចាស់ពាន Ballon d’Or ៥សម័យកាល បានប្រាប់ដល់ DAZN ថា៖ “អនាគតរបស់ខ្ញុំ? ខ្ញុំនឹងនៅជាមួយ Juventus រដូវកាលក្រោយ ១០០០%។ ខ្ញុំពិតជារីករាយសម្រាប់ Scudetto និង the Super Cup។ យើងធ្វើបានល្អហើយនៅ UEFA Champions League ហើយឆ្នាំក្រោយ នឹងកាន់តែល្អ”៕