ប្រធានក្រុម Marco Reus បានលេងទាំងមានរបួស ដើម្បីជួយឲ្យក្រុម Borussia Dortmund ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុម Freiburg កាលពីថ្ងៃអាទិត្យ និងជួយឲ្យពួកគេរក្សាការដេញតាមពីក្រោយក្រុម Bayern Munich យ៉ាងប្រកៀកនៅលើតារាងក្របខ័ណ្ឌ Bundesliga។

Reus បានជួបបញ្ហារបួសត្រង់ជង្គង់របស់គេ ក្រោមការប្រជែងយ៉ាងគ្រោះថ្នាក់ពីកីឡាករ Janik Haberer របស់ក្រុម Freiburg នៅតង់ទី២ ប៉ុន្តែ បានជួយឲ្យក្រុម Dortmund ដណ្តើមបានជ័យជម្នះតាមរយៈការស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមខ្លួនរកបាន២ទៀត ដើម្បីជួយឲ្យពួកគេដេញតាមពីក្រោយក្រុម Bayern ១ពិន្ទុ។

ក្រោយពីបានរងបរាជ័យយ៉ាងចាស់ដៃក្រោមស្នាដៃក្រុម Bayern កាលពី២សប្តាហ៍មុន និងដណ្តើមជ័យជម្នះលើក្រុម Mainz កាលពីថ្ងៃសៅរ៍ ខ្សែប្រយុទ្ធ Reus បានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីជួយឲ្យក្រុមខ្លួនវិលទៅរកភាពខ្លាំងវិញ និងរក្សាការស្ថិតក្នុងការប្រជែងដណ្តើមពាន។

ប្រធានក្រុមនៃក្រុម Dortmund រូបនេះ បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «២ ទៅ៣សប្តាហ៍ចុងក្រោយនេះមិនបានផ្តល់លទ្ធផលល្អដូចដែលយើងបានរំពឹងទុកឡើយ ប៉ុន្តែ វាពិតជាសំខាន់ណាស់ដែលយើងបានរក្សាការស្ថិតនៅជាមួយគ្នា ក្នុងស្ថានភាពដ៏លំបាក»។

Reus បានបន្ថែមទៀតថា៖ «យើងនៅតែជឿជាក់ថា យើងអាចក្លាយជាម្ចាស់ជើងឯក ហើយយើងចង់រក្សាការដាក់សម្ពាធលើក្រុម Bayern រហូតដល់ទីបញ្ចប់»។ Dortmund ត្រូវតែរកឲ្យបាន៣ពិន្ទុ កាលពីថ្ងៃអាទិត្យ ក្រោយពីក្រុម Bayern បានផ្តួលក្រុម Werder Bremen ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍៕
ប្រភពព័ត៌មាន៖ Channel News Asia