ក្រុមតោខៀវ Chelsea បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Burnley ប៉ុន្តែ ការបង្ហាញពីទម្រង់លេងមិនបានល្អនេះ មិនបានពង្រឹងក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រជែងយកកៅអីសម្រាប់ក្របខ័ណ្ឌ Champions League បានឡើយ។

ក្រុមរបស់លោក Maurizio Sarri បានដេញតាមពីក្រោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Jeff Hendrick នៅមុនពេលខ្សែបម្រើ N’Golo Kante រកបានគ្រាប់បាល់តាមស្មើវិញ ភ្លាមៗ។ ក្នុងការប្រកួតដ៏ស្វិតស្វាញត្រឹមតែរយៈពេល២៤នាទីនាកីឡដ្ឋាន Stamford Bridge ខ្សែប្រយុទ្ធ Gonzalo Higuain បានជួយឲ្យក្រុម Chelsea រកបានគ្រាប់បាល់នាំមុខវិញ នៅមុនពេលកីឡាករ Ashley Barnes របស់ក្រុម Burnley បានដណ្តើមយកប្រៀបផ្សេងៗទៅលើភាពទន់ខ្សោយក្នុងតំបន់ការពាររបស់ក្រុម Chelsea។

ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌលីក២ លើកចុង្ករោយរបស់ខ្លួន ក្រុម Chelsea ត្រឹមតែអាចនាំយកការនាំមុខត្រឹមតែ១ពិន្ទុពីលើក្រុមឈរលេខ៥ Arsenal ដើម្បីមានពិន្ទុស្មើជាមួយនឹងក្រុមឈរលេខ៣ Tottenham ប៉ុណ្ណោះ។ ក្រុម Chelsea នឹងឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ ប្រសិនបើដណ្តើមបានជ័យជម្នះ ប៉ុន្តែ ផ្ទុយទៅវិញ បច្ចុប្បន្ន ពួកគេបានលេងការប្រកួតច្រើនជាងក្រុម Tottenham, Arsenal និង Manchester United ចំនួន១លើក ដោយក្រុមបិសាចក្រហម ដេញតាមពីក្រោយពីពួកគេត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។

វាជាការបាត់បង់ឱកាសដ៏ល្អមួយ ក្រោយពីក្រុម Tottenham, Arsenal និង Man United សុទ្ធសឹងបានរងបរាជ័យដូចគ្នាកាលពីចុងសប្តាហ៍ថ្មីៗនេះ ហើយ Chelsea បានរងនូវការស្រែកចំអកឲ្យក្នុងពេលបញ្ចប់ការប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia