ខ្សែបម្រើ James Milner បាននិយាយថា រូបគេនឹងក្លាយជាអ្នកគាំទ្រម្នាក់របស់ក្រុម Manchester United ជាលើកទី១ ដោយសង្ឃឹមថា ពួកគេអាចជួយដល់ការប្រជែងរបស់ក្រុម Liverpool ដើម្បីឈ្នះពានក្របខ័ណ្ឌ Premier League។

តារាឆ្នើមជើងចាស់រូបនេះ បានលេងឲ្យក្រុមចំនួន៣ដែលជាកូប្រជែងរបស់ក្លិប Man United ដែលរួមមាន Leeds, Manchester City និង Liverpool ក្នុងអាជីពរយៈពេល១៧ឆ្នាំរបស់គេ និងបានបង្ហាញខ្លួនក្នុងការប្រកួតច្រើនជាង៦០០លើក។ ប៉ុន្តែ Milner វ័យ៣៣ឆ្នាំ នឹងមានការរីករាយ ប្រសិនបើក្រុម Man United ពិតជាបានជួយដល់ក្រុម Liverpool ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយ នាកីឡដ្ឋាន Old Trafford។

ការប្រកួតនៅរាត្រីថ្ងៃពុធនេះ គឺជាការប្រកួតដែលនៅសល់ក្នុងដៃរបស់ក្រុម Man City ហើយការដណ្តើមបានជ័យជម្នះ នឹងជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ នាំមុខ១ពិន្ទុពីលើក្រុម Liverpool នៅលើកំពូលតារាង ខណៈដែលនៅសល់ការប្រកួតត្រឹមតែ៣លើកទៀតប៉ុណ្ណោះ។ នៅពេលដែលត្រូវបានចោទសួរពីការគាំទ្ររបស់គេលើក្រុម Man United នៅសប្តាហ៍នេះ អតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះបានបញ្ជាក់ថា៖ «វាជាលើកទី១ក្នុងជីវិតរបស់ខ្ញុំ។

ប៉ុន្តែ ខ្ញុំនឹងមិនទស្សនាការប្រកួតឡើយ។ វាជាការខ្ជះខ្ជាយថាមពល»។ Liverpool មិនធ្លាប់បានឈ្នះពានក្របខ័ណ្ឌ Premier League សោះ និងបានឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកចុងក្រោយ នៅពេលដែលពួកគេបានឈ្នះពានក្នុងជំនាន់ក្របខ័ណ្ឌ First Division កាលពីឆ្នាំ១៩៩០៕
ប្រភពព័ត៌មាន៖ Channel News Asia