ខ្សែប្រយុទ្ធ Shane Long របស់ក្លិប Southampton រកបានគ្រាប់បាល់លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ ក្រោយពីបានស៊ុតបាល់បំប៉ោងសំណាញ់ទី នៅនាទី ទី៧,៦៩វិនាទី ក្នុងពេលក្រុមរបស់គេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Watford ដែលរកបាន១ពិន្ទុតាមរយៈគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Andre Gray។

គ្រាប់បាល់ជាកំណត់ត្រារបស់ Long បានកើតឡើងភ្លាមៗ ក្រោយពីការចែកបាល់ នៅពេលដែលរូបគេបានរារាំងការព្យាយាមទាត់បាល់ចេញឲ្យឆ្ងាយរបស់ខ្សែការពារ Craig Cathcart មុននឹងខ្សែប្រយុទ្ធអន្តរជាតិអៀរឡង់ខាងរូបនេះ បានស៊ុតបាល់រំលងក្បាលរបស់អ្នកចាំទី Ben Foster។

ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បានបំបែកកំណត់ត្រានៃការរកបានគ្រាប់បាល់លឿនជាងគេបំផុតកាលពីមុនក្នុងក្របខ័ណ្ឌ Premier League ដែលរកបានដោយខ្សែការពារ Ledley King របស់ក្លិប Tottenham នៅនាទី ទី៩,៩វិនាទី នៅពេលប្រកួតជាមួយនឹងក្រុម Bradford កាលពីខែធ្នូ ឆ្នាំ២០០០។

ក្រោយពីការប្រកួតនេះ Long បានប្រាប់បណ្តាញសារព័ត៌មាន Sky Sports News ថា៖ «វាជាកំណត់ត្រាមួយនេះ មែនទេ?។ ក្រោយពីការចែកបាល់ភ្លាមៗ យើងចង់ដាក់សម្ពាធដល់ពួកគេ។ ៩៩លើកក្នុងចំណោម១០០លើកដែលអ្នកព្យាយាមរារាំងការស៊ុតបាល់ចេញឆ្ងាយ ហើយការព្យាយាមនោះមិនបានសម្រេច ប៉ុន្តែ ពេលនេះ វាបានសម្រេច»។

គ្រាប់បាល់ជាប្រវត្តិសាស្ត្ររបស់ Long ដែលជាគ្រាប់បាល់ទី៤របស់គេនៅរដូវកាលនេះ មិនមែនជាគ្រាប់បាល់ឈ្នះនាកីឡដ្ឋាន Vicarage Road ឡើយ ក្រោយពីការរកបានគ្រាប់បាល់តាមស្មើរបស់ Gray នៅនាទី ទី៩០ សម្រាប់ក្រុម Watford ប៉ុន្តែ លទ្ធផលនេះ បានជួយឲ្យក្រុម Southampton នាំមុខ៦ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ខណៈនៅសល់ការប្រកួត៣លើកទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia