​​​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្លឹប​ជើងឯក​នៅ​អ៊ីតាលី Juventus​ បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ ​ដើម្បី​ប្រជែង​ជាមួយ​នឹងក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ដើម្បី​ទិញ​យក​កីឡាករ Ryan Sessegnon ​ក្នុង​តំលៃ​ប្រមាណ ៤០​លាន​ផោន​ឯណោះ​ ពី​ក្លឹប​រួម​លី​ហ្គ Fulham​។

​​ដុំ​ពេជ្រ​មិនទាន់​ច្នៃ​វ័យ ១៨​ឆ្នាំ​រូប​នេះ ​ប្រហែលជា​មិន​អាច​បន្ត​រស់នៅ​យូរ​ទៀត​ឡើយ​​ក្នុង​កីឡដ្ឋាន Craven Cottage បន្ទាប់ពី​ក្លឹប​របស់​ខ្លួន Fulham​ ត្រូវ​បាន​កាត់ចេញ​ពី​លី​ហ្គ​អង់គ្លេស Premier League នា​រដូវ​កាល​ក្រោយ ទោះ​នៅសល់ ៣​សប្ដាហ៍​ទៀត​ចប់​ក៏ដោយ​។​

​ក្លឹប Fulham​ បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា​ ពួកគេ​ចង់​បាន​រង្វាន់ ៤០​លាន​ផោន​សម្រាប់ Sessegnon​ ក្រោម​ការ​ដឹក​នាំ​បណ្ដោះអាសន្ន​ដោយ​លោក Scott Parker ស្រប​ពេល​ដែល​គ្រូ​បង្វឹក Spurs លោក Pochettino​ សម្លឹង​ឃើញ​គុណភាព​នៃ​ការ​បណ្ដើរ​បាល់ បច្ចេកទេស​គ្រប់គ្រង​នៅ​ស្លាប​ដ៏​ល្អ​បំផុត​។

​​គួរ​បញ្ជាក់​ថា Sessegnon​ បាន​ចាប់ផ្ដើម​ជា​កីឡាករ​យុវជន​របស់ Fulham ​តាំងពី​ឆ្នាំ​២០០៨ រហូតដល់​ដើម​ឆ្នាំ​២០១៦ មុន​ពេល​ត្រូវ​កាត់​ចូល​ឲ្យ​ប្រកួត​ក្រុម​ធំ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ហើយ​បើ​គិត​មក​ទល់​ពេល​នេះ​ កីឡាករ​កើត​នៅ​ក្រុង​ឡុង​ដ៏​មួយ​នេះ​ប្រកួត​បាន ១០១​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​បាន ២២​គ្រាប់​ហើយ ខណៈ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ​ គេ​ជាប់​ជា​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​ប្រកួត​បាន ៨​លើក​ផង​ដែរ​៕