រដូវកាល ២០១៨-២០១៩ ជិតឈានដល់ទីបញ្ចប់ ក្រុមលីកអាជីពនៅទ្វីបអឺរ៉ុបជាច្រើនបានធ្វើការយ៉ាងយកចិត្តទុកដាក់របស់ពួកគេដើម្បីត្រៀមប្រឡូកចូលក្នុង ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ ក្នុងគោលបំណងដេញថ្លៃយកកីឡាករឆ្នើមមុនពេលរដូវកាលថ្មីចាប់ផ្តើម។

Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer មានបំណងនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធ្វើការរុះរើក្រុមឡើងវិញ និងរៀបចំប្រព័ន្ធលេងអោយបានរឹងមាំ។ ទន្ទឹមនឹងនេះដែរគ្រូបង្វឹកសញ្ជាតិ ន័រវេសក៏ដឹងពីការពិតដែលថាតារាមួយចំនួនរបស់ក្លឹបកំពុងតែសម្លឹងរកការចាកចេញ ស្របពេលក្រុម និងរូបលោកក៏បានចាប់ផ្តើមស្វែងកីឡាករថ្មីមកជំនួស។

មួយក្នុងចំណោមកីឡាករទាំងនេះគឺ David de Gea ដែលមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹងក្រុម Old Trafford នោះទេដែលអាចជាការសន្និដ្ឋានបានថាកីឡាករអន្តរជាតិរូបនេះនឹងចាកចេញពីក្លឹបក្នុងពេលឆាប់ៗនេះ។ យោងគេហទំព័រ Metro បានចុះផ្សាយថាកីឡាករអ្នកចាំទីដៃស្អិត Jan Oblak របស់ក្រុម Atletico Madrid នឹងជាគោលដៅជំនួស De Gea នៅរដូវក្តៅនេះ។

De Gea ដែលជាកីឡាករសំខាន់ម្នាក់ ក្នុងចំណោមកីឡាករ Manchester United នាពេលបច្ចុប្បន្ននេះមិនទាន់បន្តកិច្ច សន្យាថ្មីជាមួយក្លិបដោយសារបញ្ហាប្រាក់ខែដោយទទូចចង់បានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្មីចំនួន ៤00,000 ផោន ជាថ្នូរនិងការបន្តកុងត្រាថ្មី ស្របពេលតំណាងក្លឹបមិនចង់មានរឿងផ្ទួនគ្នាដូចក្នុងករណី Alexis Sanchez នោះទេ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ កិច្ចសន្យារបស់គេមានសុពលភាពរយៈពេល ១៤ខែទៀតប៉ុណ្ណោះក្នុងកិច្ចសន្យាចាស់ ហើយនិងអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់នៃរយៈពេល ១៥ខែក្រោយ។ដូច្នេះស្ថានភាពបែបនេះជាចេតនាដែលបង្ហាញកាន់តែច្បាស់ពីការចង់នាំយកកីឡាករអន្តរជាតិស្លូវើនៀ មានតម្លៃខ្លួនទិញផ្តាច់កុងត្រាមិនតិចជាង ១០០លានផោនដើម្បីមកកាន់ទឹកដី Old Traffordមុនយុទ្ធនាការរដូវកាលថ្មី២០១៩-២០២០ចាប់ផ្តើម។

ប្រភប៖ Foxstarasia