លោក Pep Guardiola បាននិយាយថា ទាំងក្រុម Manchester City និង Liverpool សុទ្ធសឹងស័ក្តិសមក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោយពីក្រុមរបស់លោក បានផ្តួលក្រុម Manchester United ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ដើម្បីឡើងទៅឈរលើកំពូលតារាងម្តងទៀត។

ខ្សែបម្រើ Bernardo Silva និង Leroy Sane បានស៊ុតបាល់បញ្ចូលទីដូចគ្នាសម្រាប់ក្រុមភ្ញៀវ នៅរយៈពេល១២នាទីដំបូងនៃតង់ទី២ នាកីឡដ្ឋាន Old Trafford ដើម្បីផ្តួលការរងបរាជ័យជាលើកទិ៧ ក្នុងចំណោមការប្រកួត៩លើក ដល់ក្រុម Man United ដែលនៅតែដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ចំនួន៣ពិន្ទុ។

ក្រុម Man City របស់លោក Guardiola មាន៨៩ពិន្ទុពីការប្រកួត៣៥លើក ខណៈដែលក្រុម Liverpool កំពុងតែដេញតាមពីក្រោយ១ពិន្ទុ។ ក្រុមទាំង២សុទ្ធសឹងនៅសល់៣ប្រកួតដូចគ្នា។

លោក Guardiola គ្រូបង្វឹករបស់ក្រុម Man City បានឲ្យដឹងថា៖ «ខ្ញុំយល់ច្បាស់ពីសម្ពាធដែលយើងមាន និងស្គាល់កន្លែងនេះយ៉ាងច្បាស់ក្នុងពេលប្រកួតនៅកីឡដ្ឋាន Old Trafford ស្របពេលដែលកីឡាករ Marcus Rashford និង Jesse Lingard ដាក់សម្ពាធតាមពីក្រោយ។ ខ្ញុំបានប្រាប់ពួកថា យើងត្រូវតែលេងដើម្បីឈ្នះ។ វាគ្មានបញ្ហាឡើយ បើយើងរបូតគ្រាប់បាល់នោះ»។

លោកបានប្រាប់បន្តថា៖ «ពេលនេះ យើងនឹងធ្វើដំណើរទៅប្រកួតលើទឹកដីក្រុម Burnley ហើយយើងដឹងថា វានឹងក្លាយជាការប្រកួតដ៏លំបាក។ វាពិតជាសំខាន់ណាស់ក្នុងការរក្សាការស្ថិតក្នុងការស្ងប់អារម្មណ៍។ យើងនៅតែមិនទាន់ក្លាយជាម្ចាស់ជើងឯកនៅឡើយទេ ខណៈនៅសល់ការប្រកួត៣លើកទៀត។ វាជាពិន្ទុដ៏ខ្ពស់ដែលយើងមាន និងក្រុម Liverpool មាន។ ខ្ញុំបានប្រាប់កីឡាករថា កុំអានព័ត៌មាននៅថ្ងៃស្អែកនេះ កុំមើលទូរទស្សន៍ ប៉ុន្តែ គ្រាន់តែទៅសម្រាកឲ្យបានច្រើន និងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយនឹងក្រុម Burnley៕
ប្រភពព័ត៌មាន៖ Channel News Asia