​​លោក Unai Emery បានបដិសេធក្នុងការបោះបង់ក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Arsenal ក្រោយពីក្រុមរបស់ខ្លួនបានបរាជ័យយ៉ាងអាម៉ាសក្រោមស្នាដៃក្រុម Wolves ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃពុធ។

កីឡាករ Ruben Neves, Matt Doherty និងតារាឆ្នើម Diogo Jota សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីធ្វើឲ្យក្រុមរបស់លោក Emery រងបរាជ័យជាលើកទី៣ ក្នុងចំណោមការប្រកួត៤លើកនៃក្របខ័ណ្ឌ Premier League ខណៈការរងបរាជ័យនេះ បានប៉ះពាល់ដ៏ធំដល់ក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ខណៈនៅសល់ការប្រកួតត្រឹមតែ៣លើកទៀតប៉ុណ្ណោះ។

អ្នកចាត់ការទូទៅរបស់ក្រុម Arsenal រូបនេះ បានទទួលស្គាល់ថា ក្រុមរបស់លោក លេងមិនបានល្អដូចក្រុម Wolves ឡើយ ខណៈដែលក្រុមម្ចាស់ផ្ទះបានស៊ុតបាល់បញ្ចូលទីដល់ទៅ៣គ្រាប់ ដើម្បីធ្វើឲ្យក្រុមភ្ញៀវ លំបាកក្នុងការតាមស្មើវិញ។ បើទោះបីក្រុមរបស់ខ្លួនបានរងបរាជ័យ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ថា ក្រុមរបស់លោកនឹងរក្សាការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League ឬតាមរយៈការឈ្នះពានក្របខ័ណ្ឌ Europa League។

ការរងបរាជ័យនៅកីឡដ្ឋាន Midlands បានធ្វើឲ្យក្រុមរបស់លោក Emery ដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន១ពិន្ទុ។ នៅពេលដែលត្រូវបានចោទសួរថា លោកខឹង នឹងក្រុមរបស់លោក ឬអត់ លោក Emery បានឆ្លើយថា៖ «ជាធម្មតា ខ្ញុំចូលចិត្តធ្វើការរិះគន់ខ្លួនខ្ញុំ ហើយខ្ញុំខឹងខ្លួនឯងដែលយើងមិនបានដើរតាមផែនការប្រកួតដែលយើងចង់បាន មិនមែនជាមួយនឹងកីឡាករឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia