លោក Jurgen Klopp បានទទួលស្គាល់ពីការភ្ញាក់ផ្អើលដ៏រំភើបរបស់លោកចំពោះភាពខ្លាំងរបស់ក្រុម Liverpool ក្នុងការរក្សាស្ថិតក្នុងការប្រជែងជាមួយនឹងក្រុម Manchester City សម្រាប់ពានក្របខ័ណ្ឌ Premier League តាមរយៈការបញ្ជាក់ថា នៅរដូវកាលនេះ កំពុងតែបោះជំហានឆ្ពោះទៅកាន់លទ្ធផលកាន់តែល្អប្រសើរសម្រាប់ក្រុមរបស់លោក។

ក្រុម Liverpool ដែលកំពុងតែប្រមាញ់រកបានឈ្នះពានក្របខ័ណ្ឌំពូលរបស់ពួកគេជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០នោះ បានរងបរាជ័យតែ១លើកគត់ក្នុងការប្រកួតក្របខ័ណ្ឌលីក នៅរដូវកាលនេះ ប៉ុន្តែ នៅតែដេញតាមពីក្រោយក្រុមម្ចាស់ការពារតំណែងជើងឯករបស់លោក Pep Guardiola ចំនួន១ពិន្ទុ ខណៈដែលនៅសល់ការប្រកួតចំនួន៣លើកទៀត។

លោក Klopp ដែលក្រុមរបស់លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Huddersfield នៅរាត្រីនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទមុនពេលការប្រកួតថា លោកមានអារម្មណ៍ត្រជាក់ ក្នុងពេលឃើញក្រុម Man City បានយកឈ្នះក្នុងលទ្ធផល ២-០ នៅពេលប្រកួតជាមួយនឹងក្រុម Manchester United នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃពុធ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «វាគឺជាលទ្ធផលដែលខ្ញុំបានរំពឹងទុក។

Man United បានព្យាយាមយ៉ាងខ្លាំងតាមដែលពួកគេអាច ជាពិសេសក្នុងតង់ទី១ ហើយពួកគេមិនបានជួបសំណាងល្អ ប៉ុន្តែ ក្នុងរយៈពេល៩៥នាទី វាបានបង្ហាញយ៉ាងច្បាស់ថា Man City ពួកគេមិនអាចទប់ទល់នឹងក្រុម Man City បានឡើយ ហេតុនេះ ខ្ញុំមិនភ្ញាក់ផ្អើលទៅនឹងលទ្ធផលនេះឡើយ»។ លោក Klopp បាននិយាយថា លោកយល់ស្របទៅនឹងការលើកឡើងរបស់លោក Guardiola ថា ក្រុមទាំង២ពិតជាស័ក្តិសមក្នុងការឈ្នះពាន Premier League ដូចគ្នា ប៉ុន្តែ វាមានម្ចាស់ជើងឯកតែ១ក្រុមគត់៕
ប្រភពព័ត៌មាន៖ Channel News Asia