លោក Ole Gunnar Solskjaer បាននិយាយថា ក្រុម Manchester United នៅតែអាចឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League បើទោះបីការធ្លាក់ចុះទម្រង់លេង បានបន្តក្នុងការរងបរាជ័យក្រោមស្នាដៃក្រុម Manchester City ក៏ដោយ។

បច្ចុប្បន្ន Man United បានរងបរាជ័យដល់ទៅ៧លើក ក្នុងចំណោមការប្រកួត៩លើកចុងក្រោយរបស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់ ដែលនាំឲ្យពួកគេដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន៣ពិន្ទុ ស្របពេលដែលនៅសល់ការប្រកួតត្រឹមតែ៣លើកទៀតប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេមិនមានពិន្ទុដាច់ឆ្ងាយខ្លាំងឡើយ ដោយសារតែគូប្រជែងផ្សេងទៀតរបស់ពួកគេក៏បានជួបការខកចិត្តផងដែរ ហើយការរងបរាជ័យរបស់ក្រុម Arsenal ក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Wolves កាលពីថ្ងៃពុធ បានរក្សាការបើកចំហរទ្វារឲ្យមានការប្រជែងគ្នា។

Chelsea នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ហើយលោក Solskjaer បានជំរុញឲ្យក្រុមរបស់លោករក្សាការប្រជែងរបស់ខ្លួនសម្រាប់កៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League បើទោះបីបានរងបរាជ័យក្រោមស្នាដៃក្រុម Man City កាលពីថ្ងៃពុធ ក៏ដោយ។ លោក Solskjaer បានប្រាប់គេហទំព័រ manutd.com ថា៖ «យើងត្រូវការគុណភាពបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ហើយប្រសិនបើយើងឈ្នះការប្រកួតនោះ យើងនៅសល់ការប្រកួតតែ២លើកទៀតប៉ុណ្ណោះ។

ពិតណាស់ យើងចង់ឡើងទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង៤។ ខ្ញុំមិនមានផែនការក្នុងការលេងនៅរាត្រីថ្ងៃព្រហស្បតិ៍ សម្រាប់ក្របខ័ណ្ឌ Europa League នៅឡើយទេ។ យើងត្រូវតែធ្វើឲ្យប្រាកដថា យើងផ្តល់ឱកាសឲ្យខ្លួនយើងនៅថ្ងៃអាទិត្យនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia