ក្រុម Getafe រកបានពិន្ទុជាលើកទី១ក្នុងក្របខ័ណ្ឌ La Liga នៅពេលប្រកួតជាមួយនឹងក្រុមធ្លាក់ចុះទម្រង់លេង Real Madrid បើគិតចាប់តាំងពីឆ្នាំ២០១២ ក្រោយពីដណ្តើមបានលទ្ធផលស្មើ ០-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ថែមក្តីសង្ឃឹមរបស់ពួកគេក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

ក្រុមម្ចាស់ផ្ទះ បានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៤វិញ ដោយដេញតាមពីក្រោយក្រុម Real ត្រឹមតែ១ចំណាត់ថ្នាក់គត់ ក្រោយក្រុម Sevilla បានឡើងទៅឈរពីលើពួកគេជាបណ្តោះអាសន្ន តាមរយៈការយកឈ្នះលើក្រុម Rayo Vallecano ក្នុងលទ្ធផល ៥-០។ Getafe មានឱកាសល្អប្រសើរជាង ដើម្បីឈ្នះក្នុងការប្រកួតនេះ ខណៈដែលអ្នកចាំទី Keylor Navas បានសង្គ្រោះបាល់យ៉ាងល្អចំនួន២លើក ពីការស៊ុតពីសំណាក់កីឡាករ Jorge Molina និង Jaime Mata។

Real Madrid បានអស់ឱកាសក្នុងការប្រជែងដណ្តើមពានរួចជាស្រេច ក្រោយពីក្រុម Barcelona បានផ្តួលក្រុម Alaves កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុម Atletico Madrid អាចនឹងបញ្ចប់ដោយការឈរពីលើក្រុម Real សម្រាប់រដូវកាលជាលើកទី២ជាប់ៗគ្នា។ លោក Zinedine Zidane បានបញ្ជាក់ថា La Liga នឹងក្លាយជាពានជាអាទិភាពសម្រាប់ក្លិបរបស់លោក នៅរដូវកាលក្រោយ ពោលគឺនឹងសំខាន់ជាងពានក្របខ័ណ្ឌ Champions League ក្រោយពីពួកគេបានឈ្នះពានលីកត្រឹមតែ១លើកគត់ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ លោក Zidane បានឲ្យដឹងថា៖ «ការអាម៉ាសមុខថ្ងៃនេះ គឺថា យើងគួរតែរកបានលទ្ធផលល្អជាងនេះ។

យើងបានបង្កើតឱកាសជាច្រើនក្នុងតង់ទី១។ ខ្ញុំមិនរីករាយជាមួយនឹងលទ្ធផលនេះឡើយ ប៉ុន្តែ បើមើលពីទម្រង់ដែលយើងលេង និងការផ្តោតអារម្មណ៍របស់យើង ខ្ញុំពិតជារីករាយណាស់»៕
ប្រភពព័ត៌មាន៖ BBC