ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានគេមើលឃើញថា នឹងនៅតែអាចរក្សាកំណត់ត្រាឈ្នះគ្រប់ការប្រកួតរបស់ខ្លួន ដើម្បីបន្តឈរនៅលើកំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ប៉ុន្តែវិសាខា កំពុងមានភាពស្រពេចស្រពិល ក្នុងការទីតាំងលេខ៣របស់ខ្លួន ខណៈក្រុមមួយនេះ ត្រូវប្រឈមជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅលើទីលាន ដែលពិបាកលេងនោះ។

ការឈ្នះទាំង៤ប្រកួតជាប់ៗគ្នារបស់ក្រុមព្រះខ័នរាជស្វាយរៀង ពិសេសការលត់ក្រុមភ្នំពេញក្រោន ៥-១ ក្នុងការប្រកួតកាលពីសប្តាហ៍មុន អាចបង្ហាញឲ្យឃើញថា ក្រុមមួយនេះ នឹងអាចបន្តឈ្នះ៣ពិន្ទុថែមទៀត នៅសប្តាហ៍នេះ ព្រោះពួកគេ ត្រូវជួបក្រុមអគ្គិសនីកម្ពុជា ដែលប្រើកីឡាករខ្មែរសុទ្ធ។

វាជាការពិតដែល ក្រុមអគ្គិសនីកម្ពុជា ធ្លាប់បានប្រើប្រាស់កីឡាករនៅលើទីលានត្រឹម១០នាក់ ដើម្បីយកឈ្នះក្រុមបឹងកេត ១-០ នៅចុងម៉ោង កាលប្រកួតសប្តាហ៍ទី២ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង ប្រហែលជាមិនបណ្តោយរឿងឲ្យអាម៉ាស់បែបនេះ បានកើតមានឡើង នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ដូចបឹងកេត នោះទេ ហើយកម្រិតលេងរបស់ក្រុមអគ្គិសនីកម្ពុជា ក៏មិនអាចគេចផុតពីការប្រមាញយក៣ពិន្ទុត្រឡប់ទៅផ្ទះវិញ របស់ក្រុមព្រះខ័នរាជស្វាយរៀង នោះដែរ។

ផ្ទុយពីនេះក្រុមវិសាខា ដែលកំពុងឈរនៅលេខ៣ មាន១០ពិន្ទុស្មើក្រុមឈរនៅលេខ២ ក្រសួងការពារជាតិនោះ ហាក់បង្ហាញនូវក្តីបារម្ភ សម្រាប់ការធ្វើដំណើរទៅលើជួបក្រុមអង្គរថាយហ្គឺរ ហើយការបារម្ភនេះ គឺផ្តោតខ្លាំងទៅលើទីលានប្រកួត នៅកីឡដ្ឋានខេត្តសៀមរាប ដែលក្លិបភាគច្រើនរអ៊ូថា មានការលំបាក ក្នុងការលេង ហើយបឹងកេត ក៏បានស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ នៅទីលាននោះដែរ។

លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បាននិយាយថា៖«ការទៅជួបក្រុមអង្គរថាយហ្គឺរ គឺមានចំណុចលំបាកដូចគ្នា ប៉ុន្តែបើគេលេងបាន យើងក៏លេងបានដូចគ្នា ប៉ុន្តែពាក់ព័ន្ធទៅនឹងទីលាននេះ យើងត្រូវផ្សាំ និងគិតថា ទីលានបែបនេះ យើងត្រូវលេងយ៉ាងម៉េច?»។ លោកបានបន្ថែមថា៖«ជាធម្មតាទីលាននីមួយៗ វាមិនមែនស្អាត១០០ភាគរយ ដូចនៅស្រុកគេបានទេ ប៉ុន្តែអ្វីដែលគេធ្វើបានល្អ យើងនឹងព្យាយាមធ្វើឲ្យបានល្អដូចគ្នា នៅលើទីលានមួយ ដែលគេហៅថា ពិបាក ព្រោះមានក្លិបច្រើន បានរអ៊ូរទាំរឿងទីលាននេះ តែយើងនឹងព្យាយាមធ្វើអ្វីទៅតាមកាលៈទេសៈ និងព្យាយាមធ្វើឲ្យបានល្អដែរ»។

បើសិនជាក្រុមវិសាខា មិនអាចជម្នះភាពស្មុគស្មាញ នៅកីឡដ្ឋានខេត្តសៀមរាប ដើម្បីដណ្តើមបាន៣ពិន្ទុបន្ថែមទេនោះ គឺលេខរៀងទី៣របស់ក្រុមនេះ អាចនឹងធ្លាក់ទៅលើក្រុមណាហ្គាវើល ព្រោះនៅសប្តាហ៍នេះ ក្រុមណាហ្គាវើល ដែលមាន៩ពិន្ទុ ត្រូវទៅជួបក្រុមគិរីវង់សុខសែនជ័យ នៅទីរួមខេត្តតាកែវ ដែលពួកគេ មានភាគរយច្រើន ក្នុងការទទួលបាន៣ពិន្ទុ ត្រឡប់មកកាន់ភ្នំពេញវិញ៕

កម្មវិធីប្រកួតទាំង៣គូ នៅថ្ងៃសៅរ៍
-ក្រុមក្រសួងការពារជាតិ v បឹងកេត នៅកីឡដ្ឋានស្តាតចាស់ ម៉ោង ១៨:០០
-ក្រុមអគ្គិសនីកម្ពុជា v ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ម៉ោង ១៥:៣០
-ក្រុមខេត្តកំពង់ចាម v សាលាបាល់ទាត់ជាតិ នៅទីលានវិ.ប៊ុនរ៉ានីហ៊ុនសែនមេម៉ត់ ១៥:៣០
ចំពោះ៤ប្រកួត ត្រូវធ្វើនៅថ្ងៃអាទិត្យ
-ក្រុមអង្គរថាយហ្គឺរ v វិសាខា នៅកីឡដ្ឋានខេត្តសៀមរាប ម៉ោង ១៥:៣០
-ក្រុមប៉ូលិស v សូលទីឡូអង្គរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ម៉ោង ១៥:៣០
-ក្រុមគិរីវង់សុខសែនជ័យ v ណាហ្គាវើល នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ១៥:៣០
-ក្រុមភ្នំពេញក្រោន v អាស៊ីអឺរ៉ុប នៅកីឡដ្ឋាន RSN ម៉ោង ១៨:០០