កីឡាករ Donyell Malen​ នឹង Michal Sadilek ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ PSV Eindhoven បាន​ត្រលប់​ឡើង​ទៅ​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង Ajax Amsterdam វិញ​ក្រោយ​យកឈ្នះ​នៅផ្ទះ Willem II ៣-០ យប់​ម៉ិ​ញ​បង្គ្រប់​សប្ដាហ៍​ទី៣២​។

​​ក្រុម​ភ្ញៀវ PSV រក​បាន ២​គ្រាប់​ផ្ទួន​ក្នុង​រយៈពេល ៥នាទី​ចន្លោះ​នាទី​ទី៣១ ដល់ ៣៦ ដោយ Donyell Malen​ មុន​ពេល​ដែល Michal Sadilek ស៊ុត​បញ្ចូល​ទី​ដោយ​បាល់​ហ្វ្រី​ឃី​ក​។ ឈាន​ចូល​វគ្គ​ទី​ពីរ PSV រក​បាន​ 1​គ្រាប់​ទៀត​ដោយ Steven Bergwijn​ ដែល​ជា​គ្រាប់​ចុងក្រោយ​ក្នុង​ការ​ប្រកួត ខណៈ Willem II ស៊ុត​មិន​ចំ​គោលដៅ​មួយ​ជើង​សោះ​។

​ចប់​ការប្រកួត PSV ឈ្នះ ៣-០ ទទួល​បាន 3​ពិន្ទុ​ដ៏​មាន​សារសំខាន់​ឡើង​ទៅ​ស្មើ​ពិន្ទុ​ជាមួយ Ajax Amsterdam មាន ៨០ពិន្ទុ​ដូចគ្នា​តែ Ajax ចំណេញ​គ្រាប់​បាល់​ច្រើនជាង PSV ១០គ្រាប់ ខណៈ​នៅសល់​ពីរ​ប្រកួត​ទៀត​ចប់​រដូវ​កាល​។

​​PSV កំពុង​សង្ឃឹមថា ​ពីរ​ប្រកួត​របស់ Ajax ចុង​ក្រោយ​ជួប​ជាមួយ Utrecht និង De Graafschap ​មិន​ជោគ​ជ័យ ខណៈ Ajax កំពុង​ផ្ដោត​ខ្លាំង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ជួប​ជាមួយ Tottenham Hotspur​។ ​ចំណែក PSV ក៏​មិន​ងាយ​ដែរ ដោយ​ពីរ​ប្រកួត​ចុងក្រោយ​ត្រូវ​ទៅផ្ទះ AZ Alkmaar និង​ទទួល​ភ្ញៀវ Heracles៕