លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា លោកមិនមានការសោកស្តាយលើការសម្រេចចិត្តរបស់លោកក្នុងការរក្សាការជឿជាក់លើអ្នកចាំទី David de Gea ឡើយ ក្រោយពីការប្រព្រឹត្តកំហុសមួយផ្សេងទៀតពីសំណាក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានជួយឲ្យក្រុម Chelsea ដណ្តើមបានលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។

De Gea បានស្ថិតក្នុងការចាប់អារម្មណ៍សម្រាប់ការបង្ហាញពីទម្រង់លេងមិនបានល្អរបស់គេ ខណៈដែលក្រុមរបស់លោក Solskjaer បានរងបរាជ័យយ៉ាងខកចិត្តក្នុងពេលប្រកួតជាមួយនឹងក្រុម Barcelona, Everton និង Manchester City ក្នុងការប្រកួត៣លើកកាលពីមុនរបស់ពួកគេ។ ក្រោយពីការចាប់ផ្តើមយ៉ាងល្អពីសំណាក់ក្រុមម្ចាស់ផ្ទះ បន្ទាប់ពី Juan Mata បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១១ អ្នកចាំទី De Gea បានធ្វើឲ្យក្រុមបិសាចក្រហមរបស់ខ្លួន ជួបការខកចិត្តម្តងទៀត នៅពេលដែលរូបគេបានរបូតបាល់ចេញពីដៃសម្រាប់ការសង្គ្រោះបាល់ពីការស៊ុតបាល់ពីចម្ងាយរបស់កីឡាករ Antonio Rudiger ដើម្បីអនុញ្ញាតឲ្យខ្សែការពារ Marcos Alonso រកបានគ្រាប់បាល់តាមស្មើវិញ នៅមុនបញ្ចប់តង់ទី១។

ប៉ុន្តែ ស្របពេលដែល De Gea បានដើរទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ក្នុងពេលសម្រាកតង់ទី១ ឈ្មោះរបស់គេត្រូវបានស្រែកបន្ទរតាមគ្នាដោយអ្នកគាំទ្រម្ចាស់ផ្ទះ ដើម្បីទទួលស្គាល់ពីការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់គេក្នុងរដូវកាលមុននេះ មុននឹងការធ្លាក់ចុះទម្រង់លេងរបស់គេកាលពីពេលថ្មីៗនេះ។ លោក Solskjaer បានឲ្យដឹងថា៖ «David គឺជាអ្នកចាំទីដ៏អស្ចារ្យសម្រាប់ក្លិបនេះ។ នោះគឺជាការបង្ហាញពីការគាំទ្ររបស់អ្នកគាំទ្រ។ គ្មាននរណាម្នាក់អាចស្តីបន្ទោសដល់រូបគេសម្រាប់ការបាត់បង់ពិន្ទុសម្រាប់យើងឡើយ»៕