លោក Thomas Tuchel កាលពីថ្ងៃចន្ទ បានធ្វើការរិះគន់ទៅលើ Neymar ចំពោះការវាយទៅលើអ្នកគាំទ្រម្នាក់ ដែលបានមើលស្រាលទៅលើកីឡាកររបស់ក្រុម Paris Saint-Germain ក្នុងពេលពួកគេបានតម្រង់ជួរគ្នាដើម្បីទទួលមេដាយក្នុងនាមជាក្រុមចាញ់ក្នុងការប្រកួតដណ្តើមពាន French Cup របស់ពួកគេ។

អ្នកបើកបរផ្នែកដឹកជញ្ជូនវ័យ ២៨ឆ្នាំម្នាក់ មកពីទីក្រុង Nantes បានថតវីដេអូកីឡាកររបស់ក្រុម PSG និងបានបង្ហាញពីការមើលស្រាលដល់ពួកគេ នៅមុនពេល Neymar បានចាប់ដៃរបស់បរុសនោះ ដែលកំពុងកាន់ទូរស័ព្ទ និងបានវាយទៅលើផ្ទះមុខរបស់អ្នកគាំទ្ររូបនោះ។ ទាក់ទងនឹងហេតុការណ៍នេះ លោក Tuchel បានឲ្យដឹងថា៖ «ខ្ញុំមិនចូលចិត្តទង្វើបែបហ្នឹងឡើយ។ អ្នកមិនអាចធ្វើបែបនោះបានឡើយ»។

Neymar បានសម្តែងនូវការមិនពេញចិត្ត ក្រោយពីក្រុមរបស់គេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខចំនួន២គ្រាប់ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Rennes មុននឹងចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៦-៥ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង។

លោក Tuchel បានបន្ថែមទៀតថា៖ «វាមិនងាយស្រួលឡើយក្នុងការទទួលយក បន្ទាប់ពីការរងបរាជ័យនេះ។ វាពិតជាលំបាកសម្រាប់ខ្ញុំ សម្រាប់គ្រប់គ្នា ប៉ុន្តែ យើងត្រូវតែទទួលយកវា។ ប្រសិនបើយើងចាញ់ យើងត្រូវតែបង្ហាញពីការគោរព។ អ្នកមិនអាចវាយជាមួយនឹងអ្នកគាំទ្រម្នាក់បានឡើយ»៕