លោក Mauricio Pochettino បានប្រាប់ឲ្យក្រុម Tottenham ជម្នះលើការអវត្តមានរបស់តារាឆ្នើម Harry Kane និង Son Heung-min ខណៈដែលពួកគេត្រៀមជួបក្រុម Ajax ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។

Kane អវត្តមានដោយសារតែមានបញ្ហារបួស ស្របពេលដែលកីឡាករ Erik Lamela និង Harry Winks ក៏ស្ថិតក្នុងបញ្ជីរបួសផងដែរ ហើយខ្សែប្រយុទ្ធ Son ជាប់ពិន័យព្យួរ។ ប៉ុន្តែ ក្រោយពីបានបង្កើតការភ្ញាក់ផ្អើលដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Manchester City ក្នុងការប្រជែងដណ្តើមពាន៤ត្រឹមវគ្គ៨ក្រុមចុងក្រោយ លោកគ្រូបង្វឹក Pochettino បានបញ្ជាក់ថា ភាពខ្លាំងរបស់ក្រុម Spurs ក្នុងនាមជាក្រុមមួយ អាចយកឈ្នះលើក្រុមប្រជុំដោយកីឡាករដ៏មានទេពកោសល្យរបស់ Ajax។

នៅមុនពេលការប្រកួតក្របខ័ណ្ឌអឺរ៉ុប វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១របស់ក្រុម Tottenham ចាប់តាំងពីឆ្នាំ១៩៦២ លោក Pochettino បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួត កាលពីថ្ងៃចន្ទថា៖ «ការលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ១/២ផ្តាច់ព្រ័ត្រ គឺជាក្តីសុបិនដែលខ្ញុំមានជាយូរមកហើយ។ អ្នកត្រូវតែកំណត់ក្តីសុបិនរបស់លោក ដើម្បីរក្សាភាពខ្លាំងដោយគ្មានដែនកំណត់»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការទទួលបានឱកាសក្នុងការលេងឲ្យក្រុម Tottenham ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មិនបានកើតឡើងញឹកញាប់ឡើយ។ យើងកំពុងតែស្ថិតក្នុងស្ថានភាពដែលនឹងមិនបានផ្លាស់ប្តូរឡើយ ហើយយើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់។ យើងមិនត្រូវបង្ហាញពីការអស់កម្លាំង ហើយយើងពិតជារំភើបក្នុងការលេង។ ខ្ញុំប្រាកដចិត្តថា យើងនឹងមានថាមពលសម្រាប់រយៈពេល៩០នាទីពេញ»៕
ប្រភពព័ត៌មាន៖ Channel News Asia