លោក Jurgen Klopp បានទទួលស្គាល់ថា ខ្សែប្រយុទ្ធ Lionel Messi «ពិតជាមានសមត្ថភាពដ៏ខ្លាំងមែន» កាលពីថ្ងៃពុធ ក្រោយពីរូបគេបានបង្ខំឲ្យក្រុម Liverpool ត្រូវការបង្កើតរឿងអភិនិហារដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។

ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងពេលប្រកួតជាមួយនឹងអតីតក្រុមរបស់គេ នៅមុនពេល Messi រកបាន២គ្រាប់បន្ថែមទៀតនៅជិតបញ្ចប់ការប្រកួត ខណៈដែលគ្រាប់បាល់ទី២គឺគ្រាប់បាល់ទី៦០០ របស់គេសម្រាប់ក្រុម Barca ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ៣-០ ពីការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅមុនពេលការប្រកួតជើងទី២ នាកីឡដ្ឋាន Anfield នៅសប្តាហ៍ក្រោយ។

លោក Klopp បាននិយាយបន្ទាប់ពីការប្រកួតថា៖ «រូបគេពិតជាមិនអាចបញ្ឈប់បានមែន។ ពិតណាស់ យើងមិនអាចការពារការស៊ុតបាល់ពិន័យ Free-kick បានឡើយ។ នោះគឺជាគ្រាប់បាល់ដ៏ល្អមួយ។ រូបគេជាកីឡាករកម្រិតពិភពលោកម្នាក់ ប៉ុន្តែ ខ្ញុំក៏បានដឹងបែបនោះដែរ។

វាគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយ។ លោក Klopp បានបញ្ចេញស្នាមញញឹម ក្រោយពីការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Messi ប៉ុន្តែ លទ្ធផលនេះ ពិតជាផ្តល់ការលំបាកដល់ក្រុមរបស់លោក។ ពួកគេបានបង្ហាញពីកម្រិតលេងស្មើគ្នាជាមួយនឹងក្រុម Barcelona ក្នុងតង់ទី១ មុននឹងធ្វើការគ្រប់គ្រងលើក្រុម Barca ស្ទើរតែទាំងស្រុងនៅដើមតង់ទី២ ប៉ុន្តែ មិនអាចរកបានគ្រាប់បាល់ក្រៅដីបានឡើយ ក្រោយពីការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Messi ខណៈដែល Mohamed Salah ត្រឹមតែអាចស៊ុតបាល់ប៉ះទៅនឹងបង្គោលទី។

លោក Klopp បានបន្ថែមទៀតថា៖ «ខ្ញុំបាននិយាយទៅកាន់កីឡាករថា ខ្ញុំពិតជាមានមោទនភាពចំពោះកម្រិតលេងរបស់យើង នៅពេលជួបក្រុមបែបនេះ។ ប្រសិនបើអ្នកចាញ់នៅក្រៅដី វាមិនមែនជាបញ្ហាធំឡើយ ប្រសិនបើអ្នកស៊ុតបាល់ញ្ចូលទី១គ្រាប់។ នោះជាបញ្ហារបស់យើងនៅរាត្រីនេះ។ វានឹងមិនផ្តល់នូវភាពងាយស្រួលឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia