លោក Maurizio Sarri បានធ្វើការរំឭកដល់ក្រុម Chelsea របស់លោកថា ពួកគេគួរតែមានការព្រួយបារម្ភលើក្រុម Eintracht Frankfurt នៅមុនពេលការប្រកួតជើងទី១នៃក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រទេសអាល្លឺម៉ង់ នៅរាត្រីនេះ។

លោក Sarri នឹងធ្វើដំណើរទៅកាន់សប្តាហ៍ចុងក្រោយនៃរដូវកាលនេះ ខណៈដែលការប្រជែងយកពានអឺរ៉ុប១ និងកៅអីក្នុងក្របខ័ណ្ឌ Champions League កំពុងតែស្ថិតក្នុងដៃរបស់លោក ប៉ុន្តែ លោកដឹងថា ក្រុមរបស់ក្របខ័ណ្ឌ Bundesliga នឹងក្លាយជាក្រុមដ៏ខ្លាំងបំផុតដែលពួកគេនឹងជួបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយនេះ។

ក្រុម Eintracht បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងយុទ្ធនាការលំដាប់ទី២របស់អឺរ៉ុបមួយនេះ ខណៈដែលពួកគេកំពុងប្រជែងដណ្តើមពានអឺរ៉ុបជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីបានឈ្នះពាន UEFA Cup ដែលដូចទៅនឹងពាន Europa League ដែរនោះ កាលពីឆ្នាំ១៩៨០ ដោយពួកគេបានទម្លាក់ក្រុម Benfica កាលពីជុំមុន បើទោះបីបានលេងជាមួយនឹងសមាជិកត្រឹមតែ១០នាក់ រហូតដល់រយៈពេល៧០នាទី ក្នុងការប្រកួតជើងទី១ក៏ដោយ។

លោក Sarri បានឲ្យដឹងថា៖ «ពួកគេជាក្រុមពោរពេញដោយថាមពលមួយ ដោយមានភាពរឹងមាំយ៉ាងខ្លាំង។ ពួកគេពិតជាផ្តល់នូវគ្រោះថ្នាក់នៅលើទឹកដីខ្លួនឯង និងក្រៅដី។ វានឹងលំបាកសម្រាប់យើងក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ»។

លោក Sarri បាននិយាយថា៖ «ខ្សែការពារកណ្តាល Andrea Christensen កំពុងត្រៀមខ្លួនរួចរាល់ក្នុងការលេង ខណៈដែលក្រុមតោខៀវកំពុងជួបបញ្ហារបួសកីឡាករជាច្រើន ក្រោយពីខ្សែការពារ Antonio Rudiger ត្រូវអវត្តមានរហូតបញ្ចប់រដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់ជង្គង់ ហើយ Gary Cahill មិនអាចចូលលេងបានដោយសារតែមានបញ្ហាសាច់ដុំ៕
ប្រភពព័ត៌មាន៖ Channel News Asia