ខ្សែការពារអន្តរជាតិអ៊ុយរូហ្គាយ Diego Godin បានប្រកាសថា រូបគេនឹងចាកចញពីក្លិប Atletico Madrid នៅរដូវក្តៅនេះ ក្នុងសន្និសីទសារព័ត៌មានដ៏គួរឲ្យរំជួលចិត្តមួយនៅកីឡដ្ឋាន Wanda Metropolitano កាលពីថ្ងៃអង្គារ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហូរទឹកភ្នែក នៅពេលដែលរូបគេបានប្រកាសថា រូបគេនឹងបញ្ចប់ពេលវេលានៃការលេងរបស់គេសម្រាប់ក្លិបនេះ ក្រោយពីបានចំណាយពេលអស់រយៈពេល៩ឆ្នាំ។ Godin បានចូលរួមជាមួយនឹងក្លិប Atletico ក្រោយពីផ្ទេរមកពីក្លិប Villarreal ក្នុងឆ្នាំ២០១០ និងបានលេងការប្រកួត៣៨៧លើកសម្រាប់ក្លិប Atletico ដោយជួយឲ្យក្លិបនេះ ឈ្នះពាន La Liga ជាលើកទី១ក្នុងរយៈពេល ១៨ឆ្នាំ ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤។

Inter Milan គឺជាក្លិបមានក្តីសង្ឃឹមច្រើនជាងគេក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែការពាររូបនេះដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ មិនបានបញ្ជាក់ប្រាប់ពីក្លិបបន្ទាប់របស់គេឡើយ ប៉ុន្តែ បានសម្តែងនូវការសោកស្តាយចំពោះការមិនអាចយល់ព្រមទៅលើកុងត្រាថ្មីមួយ។

Godin បាននិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំពិតជាមានការភិតភ័យ ពោលគឺភ័យជាងក្នុងការប្រកួត១ទៅទៀត។ ទាំងនេះ នឹងក្លាយជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៅក្លិប Atletico Madrid។ ខ្ញុំចង់បង្ហាញពីក្តីស្រឡាញ់ ដែលខ្ញុំមានចំពោះក្លិបនេះ»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគឺជា Atletico ពីព្រោះវាមិនមែនជាក្លិបមួយឡើយ វាជាក្រុមគ្រួសារមួយ និងជារបៀបរបបរស់នៅមួយ។ វាបានក្លាយជាផ្ទះរបស់ខ្ញុំ ហើយវាពិតជាលំបាកណាស់ក្នុងការនិយាយថា លាហើយ។ ខ្ញុំមិនដែលគិតថា ពេលនេះ នឹងមកដល់ហើយ ហើយខ្ញុំមិនបានត្រៀមខ្លួនទុកឡើយ»៕