លោក Mauricio Pochettino ចាត់ទុកថា ការឈានទៅប្រកួតក្នុងវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League «ជាសមិទ្ធផលបន្ថែម» មួយ ប៉ុន្តែ ក្រុម Tottenham Hotspur នៅតែមានក្តីសង្ឃឹមក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈដែលខ្សែប្រយុទ្ធ Son Heung-min នឹងវិលចូលលេងវិញសម្រាប់ការប្រកួតជើងទី២ជាមួយនឹងក្រុម Ajax នៅរាត្រីនេះ។
Mauricio Pochettino
Spurs នឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ដោយត្រូវការការបង្ហាញពីទម្រង់លេងដ៏ពិសេសមួយ ប្រសិនបើពួកគេចង់ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយពីគ្រាប់បាល់ក្រៅដីរបស់កីឡាករ Donny van de Beek បានធ្វើឲ្យពួកគេរងបរាជ័យក្នុងលទ្ធផល ១-០ ក្នុងទីក្រុងឡុងដ៍ កាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណា ក្រុមរបស់លោក Pochettino បានបង្កើតប្រវត្តិសាស្ត្ររួចជាស្រេចសម្រាប់ក្លិបនេះ តាមរយៈការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលក្រុម Spurs បានឈានទៅវគ្គ ៤ក្រុមចុងក្រោយនៃយុទ្ធនាការ European Cup ជាលើកចុងក្រោយ ក្នុងឆ្នាំ១៩៦២ នៅមុនពេលចាញ់ក្រោមស្នាដៃក្រុម Benfica។ បច្ចុប្បន្ន ពួកគេកំពុងតែសុបិនចង់ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី១ បើគិតចាប់តាំងពីក្រុម Tottenham បានផ្តួលក្រុម Anderlecht ដោយការស៊ុតបាល់ប៉េណាល់ទី ដើម្បីលើកពាន UEFA Cup (ពាន់លំដាប់ទី២នៅអឺរ៉ុប) នៅមុនពេលកីឡាករដែលនឹងត្រូវបង្ហាញខ្លួននៅរាត្រីនេះ បានចាប់កំណើត។

លោក Pochettino បានិយាយនៅកីឡដ្ឋាន Johan Cruyff Arena កាលពីថ្ងៃអង្គារថា៖ «យើងកំពុងតែរស់នៅក្នុងសុបិនមួយ។ កាលពី៥ឆ្នាំ នៅពេលដែលយើងមកដល់ យើងគ្រាន់តែចង់កាត់បន្ថយគម្លាតរវាងក្រុមខ្លាំងទាំង៤ ហើយបន្ទាប់មក ត្រូវតែអាចលេងក្នុងក្របខ័ណ្ឌ Champions League។ ខ្ញុំគិតថា គ្មាននរណាម្នាក់ជឿថា យើងអាចលេង Champions League ៣រដូវកាលជាប់ៗគ្នា និងបានឈានដល់ដំណាក់កាលនេះឡើយ»៕
Son Heung-min

ប្រភព៖ Channel News Asia