លោក Mauricio Pochettino បានចាត់ទុកកីឡាករនៃក្រុម Tottenham Hotspur របស់ខ្លួន «គឺជាវីរបុរសដ៏អស្ចារ្យ» ក្រោយពីពួកគេបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលខ្សែបម្រើ Lucas Moura បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនបំពេញការវាយបកដ៏មិននឹកស្មានដល់ដើម្បីផ្តួលក្រុម Ajax កាលពីថ្ងៃពុធ និងធ្វើឲ្យក្រុមហូឡង់ រងនូវការខកចិត្តយ៉ាងខ្លាំង។

ការដណ្តើមបានលទ្ធផលយ៉ាងល្អក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ក្រុម Ajax ហាក់ដូចជាត្រូវបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រទៅហើយ ខណៈដែលពួកគេបាននាំមុខ ៣-២ រហូតដល់ជិតវិនាទីចុងក្រោយនៃការប្រកួត ជើងទី២ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Johan Cruyff Arena។

ប៉ុន្តែ ក្នុងពេលដែលបាល់ហាក់ស្ថិតក្នុងភាពប្រទាញប្រទង់នៅពីមុខទី និងធ្លាក់ចំជើងរបស់ Lucas តារាឆ្នើមប្រេស៊ីលរូបនេះ បានស៊ុតបាល់ផុតដៃអ្នកចាំទី Andre Onana របស់ក្រុម Ajax ដើម្បីបំពេញការវាយបករបស់ក្រុមខ្លួនតាមរយៈការយកឈ្នះក្នុងទ្ធផល ៣-២ នៅរាត្រីនោះ និងដើម្បីឈ្នះស្មើទាំង២ជើង ៣-៣ ប៉ុន្តែ ក្រុមរបស់លោក Pochettino បានឈានទៅវគ្គបន្តដោយសារតែគ្រាប់បាល់ក្រៅដី។

ពេលនេះ ពួកគេនឹងត្រូវជួបជាមួយនឹងក្រុមខ្លាំងអង់គ្លេសដូចគ្នា Liverpool ក្នុងទីក្រុងម៉ាឌ្រីដ នាថ្ងៃទី១ ខែមិថុនា ដែលនេះគឺជាការជួបគ្នារវាងក្រុមអង់គ្លេសដូចគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ បើគិតចាប់តាំងពីឆ្នាំ២០០៨។ លោក Pochettino ដែលបានបង្ហូរទឹកភ្នែកក្នុងពេលបញ្ចប់ការប្រកួតនោះ បានឲ្យដឹងថា៖ «វាជារាត្រីក្នុងចំណោមរាត្រីដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។ រឿងដ៏សំខាន់បំផុតកឺការអបអរដល់កីឡាកររបស់ខ្ញុំ។ ពួកគេបានបំពេញការងារដ៏អស្ចារ្យ»៕
ប្រភពព័ត៌មាន៖ Channel News Asia